ព័ត៌មានជាតិ

ការងារបោសសម្អាត មីន ប្រែក្លាយទឹកដីខេត្តប៉ៃលិន ទៅជាទឹកដីមានសុវត្ថិភាព និងការ អភិវឌ្ឍ 

image

ប៉ៃលិន៖ លោកទេសរដ្ឋមន្រ្តី លី ធុជ  អនុប្រធានទី ១  អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរមីន នៅថ្ងៃទី ១០ខែកញ្ញា  ឆ្នាំ២០២០នេះ  បានដឹកនាំតំណាង ប្រទេសម្ចាស់ជំនួយ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដំណាក់កាលទី៤ រួមមានអូស្ត្រាលី សាធារណរដ្ឋ កូរ៉េ និង អង្គការ UNDP ចុះទស្សនកិច្ច ប្រតិបត្តិការ បោសសម្អាតមីន របស់ប្រតិបត្តិករ HALO Trust ស្ថិតនៅ ភូមិផ្ទះស្បូវ ឃុំ ស្ទឹងត្រង់  ស្រុកសាលាក្រៅ   និងបានជួបសំណេះសំណាលជាមួយអ្នកទទួលផលលើដីបោសសម្អាតមីនរួច ស្ថិតនៅ ភូមិបរតាំង ស៊ូ សង្កាត់បរយ៉ាខា ក្រុង ប៉ៃលិន ខេត្តប៉ៃលិន។ 

ដំណើរទស្សនកិច្ច នេះមានការអញ្ជើញចូលរួមពី លោក Pablo Kang ឯកអគ្គរដ្ឋទូត អូស្រ្ដាលី ប្រចាំ នៅ កម្ពុជា លោក  Park Heung-Kyeong  ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ  កូរ៉េប្រចាំ នៅកម្ពុជា លោក Rho Hyunjun  នាយក KOICA ប្រចាំកម្ពុជា  លោក Nick Beresford តំណាង UNDP ប្រចាំកម្ពុជា លោក  ឃ្លោក នួយ  អភិបាលរងខេត្តប៉ៃលិន  ថ្នាក់ដឹកនាំ អាជ្ញាធរមីន និង ប្រតិបត្តិករ  HALO Trust ជាច្រើននាក់ ។ 

ក្រៅពីម្ចាស់ជំនួយ នៃគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ក៏មានការអញ្ជើញ ចូលរួមពី លោក SASAKI  Keiichiro និងលោក  MATSUDA Kengo មន្រ្តី នៃស្ថានទូត ជប៉ុនប្រចាំនៅកម្ពុជាផងដែរ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្ត្រី  បានរំលឹកប្រាប់ ទៅម្ចាស់ ជំនួយទាំងអស់អំពី ស្ថានភាព នៃទឹកដីខេត្ត ប៉ៃលិន ដែលជាអតីតសមរភូមិប្រយុទ្ធយ៉ាងខ្លាំងក្លា និងការធ្វើសមាហរណកម្ម របស់កងទ័ពខ្មែរ ក្រហម ជាពិសេស  ការអនុវត្ត នូវគោលនយោបាយឈ្នះ ឈ្នះ  ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាស្ថាបនិក ជា មគ្គុទ្ទេស  និង ជាប្រតិបត្តិករដ៏ឆ្នើម ក្នុងការនាំមកនូវសុខសន្តិភាព និងឯកភាពជាតិពេញលេញជូនប្រទេសជាតិ និង ប្រជាពលរដ្ឋ កម្ពុជាទាំងមូល ។  

ក្នុងនាមអ្នកទទួលផល និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល ទេសរដ្ឋមន្ត្រី  បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ជូនចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដទៃទៀតដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជាប្រែក្លាយទឹក ដី អតីត សមរភូមិប្រយុទ្ធនិងគ្រោះថ្នាក់ដោយ កាកសំណល់សង្រ្គាមទៅជាទឹកដីដែលមានសុវត្ថិភាព និង ការអភិវឌ្ឍ    តាមរយៈ ការងារបោសសម្អាតមីននេះ ។ 

លោក ទេសរដ្ឋមន្ត្រី បន្តទៀតថា ខេត្តប៉ៃលិននឹងកាន់តែមានភាពស្រស់ស្អាតសុវត្ថិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈការរួមចំណែកពីម្ចាស់ជំនួយនិងប្រទេសជាមិត្តជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការគាំទ្រ និងផ្តល់ជំនួយសប្បុរសធម៌នេះ។ 

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី  និងម្ចាស់ជំនួយ បានជួបសំណេះសំណាល ដោយផ្ទាល់ជាមួយអ្នកទទួលផលពីដី ដែលបានបោសសម្អាតមីនរួច ព្រមទាំងបានប្រគល់ជូននូវលិខិតបញ្ជាក់ដល់ភូមិបរតាំងស៊ូ សង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាភូមិអស់ការគម្រាមដោយសារមីន ។

សូមបញ្ជាក់ថា ខេត្តប៉ៃលិនគឺជាខេត្តមួយក្នុងចំណោមខេត្តដែលរងគ្រោះដោយគ្រាប់មីនច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ គិតត្រឹម ខែមិថុនា ឆ្នាំ២០២០ ផ្ទៃដីចំនួន៦៤ គីឡូម៉ែត្រក្រឡាដែលមានមីនក្នុងខេត្តត្រូវបានបោសសម្អាត និងយកមកប្រើប្រាស់នៅសល់ផ្ទៃដីចំនួន ៣២គីឡូម៉ែត្រក្រឡារងផលប៉ះពាល់ ដោយសារមីន។ គិតត្រឹម ខែមិថុនា ឆ្នាំ២០២០ មានជនរងគ្រោះ ដោយសារមីននិង គ្រាប់ចំនួន ២៤២៥ ស្មើនឹង  ២% នៃគ្រោះថ្នាក់ទូទាំងប្រទេស។

ដោយឡែក ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ  ជាឃុំមួយក្នុងចំណោមឃុំដែល មានមីនច្រើន បំផុតក្នុងខេត្តប៉ៃលិន មានអ្នកស្លាប់និងរបួសចំនួន ១៥៩ នាក់ ស្រី ១៩នាក់  ដោយសារមីន១១៨នាក់ ហើយបានបោសសម្អាត ផ្ទៃដីមាន មីនរួច ចំនួន ២១ គីឡូម៉ែត្រក្រឡា (៤៩៩ ចំការមីន) និង នៅសល់ចំនួន ៥.៤ គីឡូម៉ែត្រក្រឡា (មីនចំនួន ១០៥) ទៀត ។

គម្រោងបោស សម្អាត មីន ដើម្បីលទ្ធផល ដំណាក់ កាលទី ៤ បានផ្តោតសំខាន់ទៅលើលទ្ធផលធំៗចំនួន ៣ គឺ 

ទី១. ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ  

ទី២.គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាប យេនឌ័រ និងទី៣. ពង្រឹងសមត្ថភាពថ្នាក់ជាតិ។

ម្ចាស់ជំនួយសំខាន់ៗនៃគម្រោង គឺអូស្រ្តាលី កាណាដា នូវែលសេឡង់ និងស្វ៊ីស ក្នុងចំណោមអ្នកដទៃទៀត។ សាធារណរដ្ឋ កូរ៉េ  នឹងចូលរួមក្នុងគម្រោងនេះចាប់ពីឆ្នាំ ២០២១ តទៅ។

ព័ត៌មានទាក់ទង...