នៅឆមាសទី ១ឆ្នាំនេះ ធនាគារជាតិ ធ្វើអន្តរាគមន៍ចាក់បញ្ចូលប្រាក់រៀលក្នុងទីផ្សារ ដោយទិញប្រាក់ដុល្លារប្រាក់ដុល្លារអាមេរិកប្រមាណជាង ៣៥០លានដុល្លារអាមេរិក
| ព័ត៌មានជាតិ
SHARE

នៅឆមាសទី១ ឆ្នាំ ២០១៨នេះធនាគារជាតិនៃកម្ពុជា បានចាក់បញ្ចូលប្រាក់រៀលចូលទៅក្នុងទីផ្សារ តាមរយៈការធ្វើអន្តរាគមន៍ទិញប្រាក់ដុល្លារអាមេរិក ចំនួន ៥១ដង ពីធនាគារពាណិជ្ជ និងអាជីវករប្តូរប្រាក់ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៣៥០,៨លានដុល្លារអាមេរិក (ជាង ១,៤១ទ្រីលានរៀល) គឺថយចុះប្រមាណ ២៦,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដើម្បីរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសស្ថិរភាពថ្លៃ ធនាគារជាតិនៃកម្ពុជាបាន បន្តអនុវត្តគោលនយោបាយអត្រាប្តូរប្រាក់ដោយប្រុងប្រយ័ត្នបានគ្រប់គ្រងបម្រែបម្រួលអត្រាប្តូរប្រាក់។

ការថយចុះនៃទឹកប្រាក់អន្តរាគមន៍នេះ ជាចម្បងដោយសារ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់រៀលកាន់តែច្រើនតាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងកំណើនកម្ចី និងប្រតិបត្តិការស្វប់ (SWAP) ជារៀលក្នុងទីផ្សារអន្តរ ធនាគារ ចាប់តាំងពីមានការតម្រូវដោយធនាគារជាតិនៃកម្ពុជាឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិ រញ្ញវត្ថុមានឥណទានជារៀល ១០ភាគរយនៃសំពៀតឥណទានសរុប។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំហំប្រាក់រៀលដែលធនាគារពាណិជ្ជ​ និងអាជីវករប្តូរប្រាក់ទិញពីធនាគារជាតិនៃកម្ពុជា បានកើនឡើងជាលំដាប់ក្នុងកម្រិតជាមធ្យមប្រ មាណ ៤៧ភាគរយ ក្នុងមួយឆ្នាំ ដែលបង្ហាញពីការបន្តកើនឡើងនៃតម្រូវការប្រាក់រៀល នៅក្នុងសេដ្ឋកិច្ច។

សម្រាប់ឆ្នាំ ២០១៨នេះ តម្រូវការប្រាក់រៀលនៅលើទីផ្សាររំពឹងថា នឹងទាបជាងឆ្នាំ ២០១៧ ដោយនៅឆមាសទី ២ឆ្នាំ ២០១៨ គ្រឹះស្ថានធនាគារពាណិជ្ជ និងអាជីវករប្តូរប្រាក់អាចនឹងមាន តម្រូវការប្រាក់រៀលប្រមាណ ៣៧៣,៥លានដុល្លារអាមេរិក​ គឺបានថយចុះប្រមាណ ១៧,២ភាគរយ ធៀបនឹងឆមាសទី ២ឆ្នាំ ២០១៧។

ការកើនឡើងប្រតិបត្តិការ LPCO និងប្រតិបត្តិការទីផ្សារអន្តរធនាគារជារៀលនឹងបន្តរួមចំណែកបន្ថយការទិញប្រាក់រៀលពីធនាគារជាតិនៃកម្ពុជាដោយផ្ទាល់នៅឆមាសក្រោយ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងនៅក្នុងឳកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារទឆមាសទី ២កាលពីចុងសប្តាហ៍មុននេះថា ការផ្គត់ផ្គង់រូបិយវត្ថុនៅក្នុងសេដ្ឋកិច្ចមានកម្រិតសមស្រប ដោយរក្សាអត្រាប្តូរប្រាក់ឲ្យមានស្ថិរ ភាព ក្នុងកម្រិតមួយដែលគាំទ្រដល់ស្ថិរភាពថ្លៃ និងម៉ាក្រូសេដ្ឋកិច្ចទាំងមូល។ ហើយថា ការរក្សាស្ថិរភាពតម្លៃប្រាក់រៀលក៏បានរួមចំណែករក្សាជំនឿចិត្តរបស់សាធារណជនមកលើប្រាក់រៀលផងដែរ។

ឯកឧត្តមថ្លែងទៀតថា ការបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយនៅ តែជាកត្តាចាំបាច់សម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុ ហើយការចូលរួមពីគ្រប់មជ្ឈដ្ឋានគឺជាកត្តាកំណត់នៃភាពជោគជ័យនេះ។

កាលពីឆ្នាំ ២០១៧ ដើម្បីផ្គត់ផ្គង់ប្រាក់រៀលស្របតាមតម្រូវការទីផ្សារ និងស្ថានភាពសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍លក់ប្រាក់រៀល ដោយទិញយកដុល្លារអាមេរិក បានប្រមាណ ៩១៥លានដុល្លារអាមេរិក បានកើនឡើង ១១ភាគរយ បើធៀបកាលពីឆ្នាំ ២០១៦៕

អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation