
មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់ក្នុងការតវ៉ាប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិសនៅកូឡុំប៊ី

កូឡុំប៊ី៖មនុស្ស៩នាក់បានស្លាប់នៅក្នុងរដ្ឋធានីបូហ្គោតា និងទីក្រុងរណបសូឆា របស់កូឡុំប៊ី បន្ទាប់ពីមានការតវ៉ាពេញមួយយប់ថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលិស។
ក្រុមបាតុករបានធ្វើការតវ៉ាប្រឆាំងនឹងការស្លាប់របស់និស្សិតច្បាប់មួយរូបអាយុ៤៦ឆ្នាំដែលមានកូន២នាក់ក្នុងបន្ទុកនៅសប្តាហ៍នេះនៅពេលគាត់ត្រូវបានប៉ូលិសចាប់ឃុំខ្លួន។
នៅក្នុងឃ្លីបវីដេអូមួយដែលត្រូវបានថតដោយមិត្តភក្តិរបស់ជនរងគ្រោះ ហើយត្រូវបានគេចែកចាយតគ្នានៅលើបណ្ដាញសង្គមនោះ គេឃើញជនរងគ្រោះត្រូវបានប៉ូលិសយកកាំភ្លើងទៅឆក់ជាច្រើនដង។
ក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយថា ជនស៊ីវិលប្រហែល១៧៥នាក់ និងប៉ូលិស១៤៧នាក់បានរងរបួសនៅក្នុងការតវ៉ានេះ ហើយស្ថានីយរថយន្តក្រុង និងរថយន្តក្រុងរាប់សិបគ្រឿងត្រូវបានខូចខាត ឬបានដុតបំផ្លាញចោល។
អភិបាលក្រុងបូហ្គោតាបាននិយាយថាក្រុមអ្នកតវ៉ាគួរត្រលប់ទៅផ្ទះវិញនៅថ្ងៃសុក្រនេះដើម្បីបន្ធូរបន្ថយភាពតានតឹង៕
