ព័ត៌មានជាតិ

អភិបាលខណ្ឌចំការមន ណែនាំឱ្យពលរដ្ឋគិតគូរពីបញ្ហាសុខភាព ជីវភាព និងអនាគតកូនចៅ ជាងជឿតាមការញុះញុង របស់ពួកជ្រុលនិយមមួយក្តាប់តូច

image

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា
ភ្នំពេញ៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុលបានពន្យល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់គិតគូរទៅលើបញ្ហាសុខភាព ជីវភាពអនាគតកូនចៅ បានរៀនសូត្រគ្រប់គ្រាន់មានការងារធ្វើល្អ ក៏ដូចជាមើលថែទាំឪពុកម្តាយ ក្រុមគ្រួសាររបស់ខ្លួនម្នាក់ៗ ជាជាងទៅស្តាប់ការញុះញុងរបស់ពួកជ្រុលនិយមមួយក្តាប់តូច ដែលតែងតែមានបំណងអុចអាលបង្កាត់ភ្លើងសង្រ្គាម បង្ករហានិភ័យដល់ប្រជាជន និងប្រទេសជាតិ ស្របពេលដែលប្រជាជនកំពុងរស់នៅយ៉ាងមានសេរីភាព ក្នុងប្រទេសមានសន្តិភាពដូចពេលនេះ។

លោក ថេង សុថុល បានលើកបែបនេះ នៅក្នុងពិធីចែកអំណោយសប្បុរធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រជិត ១០០គ្រួសារ ដែលរស់នៅក្នុងសហគមន៍រុងរឿង ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ។ លោកអភិបាលបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នៅពេលនេះ គឺយើងរស់នៅក្នុងប្រទេសមានសន្តិភាព មានឱកាសធ្វើអ្វីៗបានគ្រប់យ៉ាង កុំឱ្យតែប្រទេសមានសង្រ្គាម ទើបយើងបាត់បង់ឱកាសធ្វើអ្វីៗទាំងអស់ លើកលែងតែធ្វើរឿងខុសច្បាប់តែប៉ុណ្ណោះ។

បន្ថែមពីនេះ លោក ថេង សុថុល ក៏ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋគិតគូរពីបញ្ហាបរិស្ថានក្នុងសហគមន៍ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការប្រមូលចេញពីសហគមន៍ សំរាមគឺយើងជាអ្នកបង្កើត ដូច្នេះត្រូវយកចិត្តទុកលើបញ្ហាសំរាមឱ្យបានល្អ កុំបោះចោលពាសវាលពាកាស វានាំឱ្យហូរចូលទៅក្នុងប្រឡាយ លូ ធ្វើឱ្យស្ទះទឹក លិចលុងផ្ទះសម្បែង ភូមិដ្ឋានរបស់យើង បង្ករឱ្យអាប់អ៊ូរបរិស្ថាន និងមានជំងឺដង្កាត់នានាដល់កូនចៅ និងក្រុមគ្រួសារយើង ជាពិសេស គឺសោភ័ណភាពទីក្រុងនិងប្រទេសជាតិយើង។

លោក ថេង សុថុល ក្នុងឱកាសនោះក៏បានស្នើឱ្យបន្តយកចិត្តទុកដាក់អនុវត្តវិធានការអនាម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំគឺលាងដៃនឹងសាប៊ូ អាល់កុល ជែលឱ្យបានញឹកញាប់ ពាក់ម៉ាស់ រក្សាគម្លាតសង្គម នៅពេលចេញទៅខាងផ្ទះ ជាពិសេសក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌនេះ ដើម្បីចៀសវាងពីការចម្លងជំងឺកូវីដ១៩ បើទោះជានៅកម្ពុជាមានស្ថានភាពល្អប្រសើរបន្តិចក្តី ប៉ុន្តែជំងឺនេះនៅតែរាតត្បាតនៅលើពិភពលោកដ៏គួរឱ្យព្រួយបារម្ភនៅឡើយ៕


ព័ត៌មានទាក់ទង...