ព័ត៌មានជាតិ

ចាប់បានចោរ៥នាក់ ខណៈកំពុងឆ្កឹះសោរផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ក្នុងបុរីឡាយគង់ ក្នុងខណ្ឌដង្កោ

image

ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោចាប់ខ្លួននៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈកំពុងឆ្កឹះសោរផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ  បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានឃើញជនសង្ស័យមួយក្រុម កំពុងធ្វើសកម្មភាពលួចឆ្កឹះសោរផ្ទះរបស់ប្រជាពលរដ្ឋ ហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការឡោមព័ន្ធឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន៥នាក់។

ក្រៅពីនោះ សមត្ថកិច្ចក៏បានចាប់យកសម្ភាររបស់ជនសង្ស័យរួមមាន ម៉ូតូកង់បីឥណ្ឌាចំនួនពីរគ្រឿង, ម៉ូតូម៉ាកវ៉េវចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន៣គ្រឿងផងដែរ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេទាំង៥នាក់ពិតជាបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិប្រាកដមែន ហើយកន្លងមកពួកគេក៏ធ្លាប់បានធ្វើសកម្មភាពលួចគាស់បង្អួចផ្ទះ និងឆ្កឹះសោរទ្វារផ្ទះរបស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ជាច្រើនលើកទៀតផង ហើយយកទៅលក់បានលុយទិញថ្នាំញៀនជក់ និងផឹកស៊ីជាមួយបក្ខពួក។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ នៅប៉ុស្តិ៍ដង្កោ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ព័ត៌មានទាក់ទង...