រត់គេចជាង ៥ឆ្នាំ នៅតែសមត្ថកិច្ចតាមចាប់ខ្លួនបាន ករណីឃាតកម្មរឹត.កសម្លាប់មិត្តភក្តិប្លន់យកទ្រព្យសម្បត្តិ
| សន្តិសុខសង្គម
SHARE



ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីជាង ៥ឆ្នាំមុន ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

បើតាមរបាយការណ៍ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ សី ផារ៉ាដា ភេទប្រុស អាយុ៤០ឆ្នាំ ជាប់ពាក់ព័ន្ធ ក្នុងករណីរឹតកសម្លាប់ បុរសម្នាក់ជាមិត្តភក្តិស្គាល់គ្នា រួចយកទៅបោះចោលនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួមមាន រថយន្ដកាមេរី០១គ្រឿង ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លើស និងណូគាពីរគ្រឿង ខ្សែកខ្សែដៃ និងចិញ្ជៀនពេជ្រ ១ឈុត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យ រហូតបានសម្រេច ក្រោយពីជនសង្ស័យរូបនេះ បានរត់គេចខ្លួនអស់រយៈពេល ៥ឆ្នាំ ដោយសម្ងំលាក់ខ្លួននៅខេត្តតាកែ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ មានសពជនរងគ្រោះម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ តាមរយៈវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំណត់អត្តសញ្ញាណ ជនរងគ្រោះ មានឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ ៣៥ឆ្នាំ ទីលំនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បន្ទាប់មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនឃាតក ជាជនដៃដល់ម្នាក់ ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ តែឈ្មោះ សី ផារ៉ាដា នេះ ក្រោយពីដឹងថាបក្ខពួកខ្លួន ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន ក៏គេចខ្លួនបាត់រហូតអស់រយៈពេល០៥ឆ្នាំ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation