សន្តិសុខសង្គម

ស្ត្រីម្នាក់ បានដេកស្លាប់ ក្រោយមុតចង្កាក់សាច់គោអាំងជិតកន្លះខែ ដោយសារគ្មានលុយព្យាបាល

image



ភ្នំពេញ៖ ស្ត្រីអ្នករើសអេតចាយម្នាក់ បានមុតចង្កាក់សាច់គោអាំងជិតកន្លះខែមកហើយ ដោយសារមិនមានលុយសម្រាប់ទៅព្យាបាលនៅមន្ទីរពេទ្យ សុខចិត្តទ្រាំឈឺចាប់ និងដេកស្លាប់នៅក្នុងបន្ទប់ជួលយ៉ាងអាណោចអធម្ម បង្ករឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានអាយុ ២៦ឆ្នាំ មុខរបរជាអ្នករើសអេតចាយ ស្នាក់នៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង។ បុរសជាប្ដីជនរងគ្រោះ ក៏មានមុខរបរជាអ្នករើសអេតចាយផងដែរ។ អ្នកទាំងពីរ បានរួមរស់នៅជាមួយគ្នាអស់រយ:ពេលជិតមួយឆ្នាំមកហើយ តែមិនបានរៀបការ និងសែនព្រេនអ្វីឡើយ ដោយរស់នៅភាពជាប្តីប្រពន្ធ។

តាមការឱ្យដឹងពីបុរសជាប្ដីស្រី្តរងគ្រោះដែលស្លាប់បានប្រាប់ឱ្យដឹងថា ប្រពន្ធរបស់គាត់បានមុតឈើចង្កាក់ដោតសាច់គោអាំង ចំបាតជើងផ្នែកខាងឆ្វេង អស់រយ:ពេលជិតមួយខែមកហើយ ដោយគាត់មានជំងឺប្រចាំកាយផង(ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម)។ ដោយសារតែជីវភាពខ្វះខាតមិនមានលុយសម្រាប់ទៅព្យាបាលនៅមន្ទីរពេទ្យ ទើបបណ្ដាលឱ្យគាត់ចេះតែឈឺដៃ និងឈឺជើងទៅណាមិនរួចខ្សោយទៅៗ។ លុះមកដល់ថ្ងៃវេលាម៉ោង ៣រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បុរសជាប្តីបានចេញទៅដើររើសអេតចាយបាត់ ដោយទុកប្រពន្ធនៅតែម្នាក់ឯងក្នុងបន្ទប់ជួល។

លុះមកដល់វេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែកញ្ញា ក៏បានត្រឡប់មកផ្ទះជួលវិញ ក៏ស្រាប់តែឃើញប្រពន្ធមានសភាពស្លេកស្លាំង និងបញ្ឈរភ្នែកឡើងលើ ព្រមទាំងដកដង្ហើមថប់ៗ(ចង្កាមាន់) ពេលនោះ បុរសជាប្តីបានហៅអ្នកជិតខាងឱ្យជួយដែរ តែជួយមិនទាន់ក៏ដាច់ខ្យល់ស្លាប់តែម្ដង។ បន្ទាប់មក បុរសជាប្តី ក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីចុះមកអន្តរាគមន៍ និងធ្វើការត្រូតពិត្យ។

ដោយសារតែមានជីវភាពខ្វះខាត មិនមានលុយសម្រាប់ធ្វើបុណ្យសព សពនារីដ៏កំសត់នោះ ក៏បានដឹកយកទៅតម្កល់នៅវត្ត និងរង់ចាំសាច់ញាតិដើម្បីធ្វើបុណ្យ តែបើរកមិនឃើញទេ សមត្ថកិច្ច នឹងប្រគល់ឱ្យលោកអាចារ្យរំលាយសពតែម្តង៕

ព័ត៌មានទាក់ទង...