
មេដឹកនាំហុងកុងនិយាយថាពលរដ្ឋហុងកុង១២នាក់ដែលចិនដីគោកចាប់ខ្លួននៅសមុទ្រគួរទទួលយកការទទួលខុសត្រូវតាមច្បាប់

ហុងកុង៖មេដឹកនាំក្រុងហុងកុងបាននិយាយនៅថ្ងៃអង្គារនេះថា ពលរដ្ឋហុងកុងចំនួន១២នាក់ដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរចិនដីគោកពេលព្យាយាមភៀសខ្លួនចេញពីទីក្រុងហុងកុងតាមទូកនោះ «គួរតែទទួលយកការទទួលខុសត្រូវតាមច្បាប់»។
រដ្ឋាភិបាលទីក្រុងហុងកុងបានប្រកាសថា ខ្លួននឹងមិនធ្វើអន្តរាគមន៍ក្នុងករណីនេះទេ បេីទោះបីជាមានការអង្វរពីសាច់ញាតិរបស់អ្នកជាប់ឃុំឃាំងទាំងនោះដែលសុំឱ្យជួយក៏ដោយ។
រដ្ឋាភិបាលទីក្រុងហុងកុងបាននិយាយថាករណីនេះជាបញ្ហារបស់ចិនដីគោក។
ពលរដ្ឋហុងកុុងទាំង១២នាក់ត្រូវបានចាប់ខ្លួននៅឯសមុទ្រកាលពីថ្ងៃទី២៣ ខែសីហាពីបទចូលទឹកដីចិនដោយខុសច្បាប់បន្ទាប់ពីចេញដំណេីរតាមទូកឆ្ពោះទៅកោះតៃវ៉ាន់ក្នុងគ្រាដែលក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យភ័យខ្លាចពីការបង្ក្រាបរបស់ក្រុងប៉េកាំង។
យោងតាមរដ្ឋាភិបាលទីក្រុងហុងកុង មនុស្សទាំង១២នាក់នោះជាប់សង្ស័យថាបានប្រព្រឹត្តិបទឧក្រិដ្ឋនៅក្នុងទីក្រុងហុងកុងដោយក្នុងនោះ១១នាក់ត្រូវបានចោទប្រកាន់ពីបទបង្កេីតអគ្គិភ័យ និងផលិត ឬកាន់កាប់គ្រឿងផ្ទុះ។
ចំណែកម្នាក់ទៀតត្រូវបានសង្ស័យថាបានឃុបឃិតជាមួយកងកម្លាំងបរទេសដែលជាបទចោទនៅក្រោមច្បាប់សន្តិសុខជាតិដែលត្រូវបានដាក់ឲ្យអនុវត្តដោយទីក្រុងប៉េកាំងកាលពីខែមិថុនា ហេីយអាចឈានដល់ការជាប់ពន្ធនាគារអស់មួយជីវិត៕
