
លោក ត្រាំ ព្រមានឆ្លេីយតបអ៉ីរ៉ង់វិញ១ពាន់ដងបើអ៉ីរ៉ង់ហ៊ានវាយប្រហារអាមេរិក

អាមេរិក៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរព្រមាននៅលេីបណ្ដាញសង្គមធ្វីតធ័រ (Twitter) កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់នឹងទទួលការវាយបកតបតវិញ១ពាន់ដង ប្រសិនបេីហ៊ានធ្វេីការវាយប្រហារមកលេីអាមេរិកដេីម្បីសងសឹកឲ្យមេបញ្ជាការយោធាអ៊ីរ៉ង់ លោក កាសេម សូឡេម៉ានី (Qassem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់ក្នុងប្រទេសអ៊ីរ៉ាក់។
សារព្រមានរបស់ លោក ត្រាំ បានធ្វេីឡេីងក្រោយពីសារព័ត៌មានអាមេរិក Politico បានរាយការណ៍ថា អ៉ីរ៉ង់កំពុងរៀបចំផែនការធ្វើឃាតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង លោកស្រី ឡាណា ម៉ាក (Lana Marks) ដែលជាមិត្តភ័ក្តិរបស់ លោក ត្រាំ។
នៅក្នុងសារលេីធ្វីតធ័រ (Twitter) នោះដែរ លោក ត្រាំ ជាថ្មីម្តងទៀតបានសរសេរការពារការសម្រេចចិត្តរបស់លោកក្នុងការបញ្ជាឱ្យមានការសម្លាប់នោះដោយលោកបាននិយាយថា «ការសម្លាប់នោះគឺដេីម្បីកំទេចផែនការរបស់ លោក សូឡេម៉ានី ដែលនឹងធ្វេីការវាយប្រហារនាពេលអនាគត, បញ្ចប់ការសម្លាប់ទាហានអាមេរិក ព្រមទាំងការស្លាប់ និងការរងទុក្ខដែលត្រូវបានបង្កឡេីងដោយ លោក សូឡេម៉ានី អស់រយៈពេលជាច្រើនឆ្នាំកន្លងមក»។
ការសម្លាប់ លោក សូឡេម៉ានី កាលពីថ្ងៃទី៣ ខែមករាតាមរយៈការវាយប្រហារដោយប្រេីប្រាស់ដ្រូននោះបានជំរុញឱ្យអ៊ីរ៉ង់ធ្វេីការសងសឹកវិញជាមួយការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងកងទ័ពអាមេរិកនៅអ៊ីរ៉ាក់នាប៉ុន្មានថ្ងៃក្រោយមក និងស្ទើរតែបង្កឱ្យមានសង្គ្រាមផ្ទុះឡេីងរវាងប្រទេសទាំងពីរ៕
