មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា រាជរដ្ឋាភិបាល នឹងមិនលើកលែងចំពោះជនណា លក់ផលិតផលក្លែងក្លាយ និងខូចគុណភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណា និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអះអាងថា រាជរដ្ឋាភិបាល មិនលើកលែងឡើយចំពោះជនណា លក់ផលិតផលក្លែងក្លាយ និងផលិតផលខូចគុណភាព ហើយសមត្ថកិច្ច កំពុងតែ មានវិធានការគ្រប់ពេលវេលាផងដែរ។

ការអះអាងនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការចុះបង្ក្រាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ ដូចជា ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត ជាង ៥០០តោន នារសៀលថ្ងៃទី១៥ ខែកញ្ញា។

លោក មៀច សុផាន់ណា បានឲ្យដឹងថា នាពេលកន្លងមក គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ តែងតែធ្វើការអប់រំណែនាំដល់អតិថិជនទាំងអស់ ក៏ដូចជា អ្នកប្រើប្រាស់អំពីគ្រោះថ្នាក់ និងហានីភ័យ ចំពោះការប្រើប្រាស់របស់ក្លែងក្លាយ និងផលិតផលខូចគុណភាព។

ជាមួយគ្នានេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការបង្ក្រាបជាច្រើនករណីផងដែរ ហើយការបង្ក្រាបនោះ ក៏ជាផ្ញើមួយទៅដល់អ្នករកស៊ី ផលិតផលក្លែងក្លាយ ថា រាជរដ្ឋាភិបាល មានវិធានការគ្រប់ពេលវេលាចំពោះអ្នករកស៊ីរបស់ក្លែងក្លាយ។

លោក មៀច សុផាន់ណា បានបញ្ជាក់ថា “រាជរដ្ឋាភិបាល នឹងមិនអត់ឱន និងមិនលើកលែងឲ្យជនខិលខូចទេ ដែលផលិតចែកចាយរបស់ទាំងហ្នឹងលក់ (របស់ក្លែងក្លាយ និងខូចគុណភាព) ធ្វើយ៉ាងម៉េចឲ្យតែបានចំណេញលុយ មិនគិតគូរពីសុខភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ”៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation