រយៈពេលពីរថ្ងៃនាឱកាសភ្ជុំបិណ្ឌមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៤សែន៥ម៉ឺននាក់ដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រយៈពេលពីរថ្ងៃនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរជាតិប្រមាណ ៤៥១.៦២៩នាក់  និងអន្តរជាតិចំនួនប្រមាណ ៣.២២៥នាក់ បានដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានីខេត្ត សម្រាប់ថ្ងៃទី២ (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០) នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ខេត្តដែលទទួលបានភ្ញៀវច្រើនរួមមាន  ខេត្តបាត់ដំបងចំនួន ៧៤.៤២០នាក់, ខេត្តសៀមរាប ៥០.៩២៤នាក់, ខេត្តកំពង់ឆ្នាំង      ៣០.១០៨នាក់, ខេត្តព្រះសីហនុ ២៩.១៧៣នាក់, ខេត្តពោធិ៍សាត់ ២៦.៣១២នាក់, ខេត្តកែប ២៤.៥៤៦នាក់ខេត្តកំពត ២៤.១១៥នាក់, ខេត្តបន្ទាយមានជ័យ ២៣.៦៣៥ នាក់, ខេត្តកណ្តាល ២០.៥៩៦នាក់។

ជាការកត់សម្គាលរបស់ក្រសួងទេសចរណ៍ សម្រាប់និន្នាការភ្ញៀវទេសចររយៈ ២ថ្ងៃកន្លងមកនេះ បើទោះបីជាមានភ្លៀងធ្លាក់នៅតាមរាជធានីខេត្តមួយចំនួន ប៉ុន្តែការដើរកម្សាន្តរបស់ប្រជាពលរដ្ឋនៅតែមានសន្ទុះខ្លាំង សរុបជារួមសម្រាប់រយៈពេល២ថ្ងៃ មានភ្ញៀវទេសចរចំនួនប្រមាណ ៦៧២.៧៨៦នាក់។ ភាគច្រើនពួកគេបានជួបជុំជាលក្ខណៈគ្រួសារ និងបន្ទាប់ពីត្រឡប់ពីចូលរួមពិធីបុណ្យនៅតាមវត្តអារាមនានា បានរៀបចំការដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍ដែលមិនស្ថិតនៅឆ្ងាយពីស្រុកកំណើត។

សម្រាប់២ថ្ងៃនេះ ការចំណាយរបស់ប្រជាពលរដ្ឋគឺភាគច្រើនផ្តោតលើការទិញគ្រឿងឧបភោគបរិភោគ រៀបចំចង្ហាន់ និងគ្រឿងសក្ការៈសម្រាប់ពិធីបុណ្យ។ ក្នុងការដើរកម្សាន្តទៀតសោត ភាគច្រើន ពួកគាត់បានយកម្ហូបអាហារដែលបានរៀបចំរួច សល់ពីការប្រគេនចង្ហាន់ទៅទទួលទាននៅតាមគោលដៅទេសចរណ៍នានា។ 

ដូចកាលពីថ្ងៃទី១ដែរ គណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបន្តយកចិត្តទុកដាក់រៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ រាប់ទាំងនៅក្នុងវត្តអារាមផងដែរ។ នេះបើតាមការបញ្ជាក់ដោយក្រសួងទេសចរណ៍៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation