ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក ស៊ូហ្គា យ៉ូស៉ីហ៊ីដេ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជប៉ុន 
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរលោក ស៊ូហ្គា យ៉ូស៉ីហ៊ីដេ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន។ នេះបើតាមលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានផ្សព្វផ្សាយនៅព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

ក្នុងលិខិត សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា "តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមសម្ដែង ការអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី របស់ជប៉ុន បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជាប្រធានដឹកនាំ គណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងៃទី១៤ កញ្ញា ២០២០"។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ជ័យជម្នះយ៉ាងត្រចះត្រចង់នេះ បានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងមុតមាំរបស់សមាជិកគណបក្ស LDP ក៏ដូចជាទំនុកចិត្តរបស់ប្រជាជនជប៉ុន ចំពោះទស្សនៈវិស័យ គោលនយោបាយ និងភាពជាអ្នកដឹកនាំរបស់លោក ស៊ូហ្គា យ៉ូស៉ីហ៊ីដេ ក្នុងការជម្នះឱ្យបាននូវវិបត្តិកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជា ការធានាឱ្យបាននូវអនាគតរបស់ប្រទេសជប៉ុនប្រកបដោយសន្តិភាព និងវិបុលភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ស៊ូហ្គា យ៉ូស៉ីហ៊ីដេ ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិជិតស្និទ្ធរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation