ព័ត៌មានជាតិ

ក្រឡាប់រថយន្តដឹកជ្រូកខ្នាតធំមួយគ្រឿង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង​របួសធ្ងន់​ស្រាលចំនួន១២​នាក់

image

​បន្ទាយមានជ័យ​៖ មានករណីរថយន្ត​ដឹក​ជ្រូកខ្នាត​ធំ​មួយគ្រឿង បាន​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពានធ្លាក់​ផ្លូវ បណ្តាលឱ្យមនុស្ស​ម្នាក់បាន​ស្លាប់ និង​របួសធ្ងន់​ស្រាលចំនួន ១២នាក់ កាលពី​វេលា​ម៉ោង ៣​:​៤០​នាទី ល្ងាចថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​៥៨ ចំណុច​ស្ពាន​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២៣-២៤ ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​រថយន្ត​បង្ក​គ្រោះថ្នាក់ដោយ​ខ្លួនឯង​នោះ ជា​ប្រភេទរថយន្ត​ផ្ទុកទំនិញ​ធុន​ធ្ងន់​ដឹក​សត្វ​ជ្រូក បាន​បើកបរពី​ទិស​ខាងលិចទៅខាង​កើត មាន​អ្នករួមដំណើរចំនួន​១៣​នាក់ នៅ​ពេលដល់​ចំណុចកើតហេតុ រថយន្ត​នោះ បាន​រេ​ចង្កូតទៅខាង​ស្តាំបុក​នឹង​បង្កាន់ដៃស្ពាន ធ្វើ​ឱ្យរថយន្តផ្លោះ​បង្កាន់ដៃស្ពានជាប់​ពាក់កណ្តាល។ ចំណែក​ក្បាល​រថយន្ត បាន​ធ្លាក់​ទៅដីសង្កត់​ស្លាប់​អ្នករួមដំណើរ​ម្នាក់។ ចំណែក​មនុស្សចំនួន​៦​នាក់ បាន​រងរបួស​ធ្ងន់ និង ៦នាក់​ទៀត របួសស្រាល ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែកក្រុង​ប៉ោយប៉ែត។ ​ក្រោយកើតហេតុ អ្នកបើកបរ​រថយន្តបាន​រត់គេចខ្លួន។ 

បច្ចុប្បន្ន រថយន្ត​នោះ នគរបាល​ចរាចរណ៍ស្រុក​អូរ​បី​ជាន់ បាន​ស្ទូច​យកទៅ​ទុកនៅ​អធិការដ្ឋាននគរបាល​ស្រុក ដើម្បី​រក​ម្ចាស់ និង​អ្នកបើកបរចូលខ្លួន​មក​ដោះស្រាយ៕

ព័ត៌មានទាក់ទង...