សុខភាព

ការសិក្សាមួយថា ញ៉ាំបាយច្រើន ប្រឈមកើតជំងឺទឹកនោមផ្អែម តើញ៉ាំប៉ុន្មានទើបល្មម?

image


កាណាដា៖ ការសិក្សាមួយទើបចេញផ្សាយក្នុងខែកញ្ញានេះ បានបង្ហាញថា អង្ករសមានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែម នេះមានន័យថា អ្នកញ៉ាំបាយច្រើនក្នុងមួយថ្ងៃៗ គឺមានហានិភ័យកើតជំងឺទឹកនោមផ្អែម។

ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ McMaster របស់កាណាដា និងវិទ្យាស្ថានស្រាវជ្រាវផ្នែកសុខភាពចំនួនពីរផ្សេងទៀត បានសិក្សាទៅលើអ្នកចូលរួមចំនួន ១៣ម៉ឺននាក់ ដោយអ្នកចូលរួមមកពីប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ក្នុងរយៈពេល១០ឆ្នាំ។

ការសិក្សានេះ បានរកឃើញថាអ្នកញ៉ាំបាយ (អង្ករស)ច្រើនជាង៤៥០ក្រាម ក្នុងមួយថ្ងៃ គឺប្រឈមមុខកាន់តែខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែម។ អ្នកចូលរូមចំនួន ៦ ០០០នាក់ ដែលពេលដំបូងមិនមានជំងឺទឹកនោមផ្អែមនោះ បានវិវត្តទៅជាកើតជំងឺនេះ ដោយសារតែបរិមាណបាយដែលពួកគាត់បានញ៉ាំ។

ក្រុមអ្នកស្រាវជ្រាវ បានលើកឡើងថា ជាតិកាបូអ៊ីដ្រាតនៅក្នុងអង្ករស គឺមានសន្ទស្សន៍ជាតិស្ករខ្ពស់ ដែលបានរួមចំណែកធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងរបបអាហារកើនឡើងដែរ។ ការសិក្សានេះបានរកឃើញទៀតថា អង្ករស មិនត្រឹមតែមានទំនាក់ទំនងនឹងហានិភ័យជំងឺទឺកនោមផ្អែមទេ តែក៏ធ្វើឲ្យយើងប្រឈមនឹងបញ្ហា metabolic syndrome (បណ្ដុំនៃកត្តាប្រឈមធ្វើឲ្យកើតជំងឺបេះដូង) រួមមានដូចជាការកើនឡើង triglyceride(ខ្លាញ់អាក្រក់ក្នុងសរសៃឈាម) និងការធ្លាក់ចុះនៃខ្លាញ់ល្អ។

បើតាមក្រុមអ្នកស្រាវជ្រាវ យើងគួរញ៉ាំបាយក្នុងបរិមាណសមល្មម និងជាមួយបន្លែ ឬសាឡាដឲ្យបានច្រើនដែរ ដើម្បីបំពេញជាតិសសៃរ និងប្រូតេអ៊ីនដែលរាងកាយត្រូវការ៕

ប្រភព៖ www.hellokrupet.com