សុខភាព

តើជំងឺវៀចមាត់បណ្តាលមកពីអ្វី និងអាចបង្ហាញជាសញ្ញាអ្វីខ្លះ?

image

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ
ជំងឺវៀចមាត់ គឺជាការចុះខ្សោយនៃសាច់ដុំផ្ទៃមុខដែលបណ្តាលមកពីផលប៉ះពាល់នៃប្រព័ន្ធប្រសាទទី៧ ដោយជំងឺវៀចមាត់មានពីរប្រភេទគឺទី1 វៀចមាត់ប្រព័ន្ធប្រសាទក្រៅ និងទី2គឺ វៀចមាត់ប្រព័ន្ធប្រសាទកណ្តាល។ នេះបលយោងតាមការបញ្ជាក់ពី ហ្វេសប៊ុកផេករបស់មន្ទីរពេទ្យកាលម៉ែត។

ក្នុងនោះបើយោងតាមប្រភពដដែល ចំពោះរោគសញ្ញានៃជំងឺនេះវិញគឺទី1 ការវៀចមាត់ប្រព័ន្ធប្រសាទក្រៅគឺ ជាការខ្សោយនៃសាច់ដុំផ្ទៃមុខមួយចំហៀងផ្នែកខាងដែលប៉ះពាល់។ ការវៀចមុខប្រព័ន្ធប្រសាទក្រៅពុំមានការចុះខ្សោយនៅអវៈយវៈទេ។ ហើយផ្ទៃមុខផ្នែកខាងលើ ស្នាមជ្រួញនៃចិញ្ចើមមិនស្មើគ្នាពោលគឺខាងដែលខូចមានស្នាមជ្រួញថយចុះ ឬរលុបបាត់។ ចំណែកភ្នែក បិទមិនជិត ឬជិតដែរតែមិនខ្លាំងបូករួមទាំងគ្រាប់ភ្នែកអាចទាញឡើងលើ និងចេញក្រៅ រីឯផ្ទៃមុខផ្នែកខាងក្រោម ផ្នែកខាងដែលខូចគឺមានស្នាមជ្រួញនៅជិតច្រមុះថយចុះ ឬរលុបបាត់ហើយមាត់ទាញទៅផ្នែកខាងល្អ ហើយការវៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមានបូករួមរោគសញ្ញាផ្សេងៗទៀតដូចជា អណ្តាតមិនដឹងរស់ជាតិ ស្ងួតទឹកភ្នែក ស្ងួតទឹកមាត់ជាដើម។ ចំណែកទី2គឺ វៀចមាត់ប្រព័ន្ធប្រសាទកណ្តាល គឺការប៉ះពាល់តែផ្ទៃមុខផ្នែកខាងក្រោម ពោលគឺមានតែការថយចុះ ឬរលុបបាត់ស្នាមជ្រួញនៅជិតច្រមុះ ហើយមាត់ទាញទៅផ្នែកខាងល្អ រួមទាំងអាចមានការថយខ្សោយនៃអវៈយវៈមួយចំហៀងខ្លួនទៀត។

ហើយបើយើងមើលពីមូលហេតុនៃជំងឺវៀចមាត់វិញ ចំពោះការវៀចមាត់ប្រព័ន្ធប្រសាទក្រៅគឺ ការប៉ះទង្គិចបណ្តាលអោយបាក់ឆ្អឹងរូសេ
ដែលមានទីតាំងស្ថិតនៅផ្នែកចំហៀងនៃក្បាល និងនៅខាងក្នុងនៃត្រចៀក , បញ្ហាអំបៅអំបែកស្រួចស្រាវ ឬរ៉ាំរ៉ៃ , ជំងឺដែលប៉ះពាល់ដល់ស្រោមខួរក្បាល , ជំងឺដុំសាច់ដែលបណ្តាលអោយប៉ះ ឬសង្កត់ទៅលើប្រព័ន្ធប្រសាទទីប្រាំពីរ ជាពិសេសផ្នែកខាងក្រោយ និងខាងក្រោមនៃខួរក្បាល , ជំងឺមេតាបូលីកដូចជាជំងឺទឹកនោមផ្អែមជាដើម។ ចំណែកការវៀចមាត់ប្រព័ន្ធប្រសាទកណ្តាលវិញ គឺអាចបណ្តាលមកពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល: ដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាល រឺជំងឺដុំសាច់ ឬមហារីកខួរក្បាល៕


ព័ត៌មានទាក់ទង...