ព័ត៌មានជាតិ

របរចិញ្ចឹមកង្កែប និង ត្រី ទទួលបានប្រាក់ ចំណូលបង្គួរប្រសើរជាងធ្វើចំណាក់ស្រុក

image

អត្ថបទ៖ ជិន សេងឡុង 

ត្បូងឃ្មុំ ៖ ពលករចំណាកស្រុក ធ្វើការជាកម្មករនៅក្រៅប្រទេសម្នាក់ បានត្រឡប់មកស្រុកកំណើតវិញ ហើយបានចាប់យករបរ ចិញ្ចឹម កង្កែប និងត្រី ដែលអាចរកប្រាក់ចំណូលបានបង្គួរ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ដោយទទួលបានប្រមាណពី១០០០ ដុល្លារ ទៅ ១៥០០ ដុល្លារក្នុងមួយខែ។ 

លោក ឃាង បូរ៉ា រស់នៅក្នុងភូមិ ត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ដែលធ្លាប់ទៅធ្វើ កម្មករនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ចំណូលនេះ មិនចាញ់ ការងារនៅក្រៅប្រទេសនោះទេ។

លោក បានរៀបរាប់ថា លោកបានចាប់យករបរចិញ្ចឹមកង្កែប និងត្រី ឃើញថាអាចរកប្រាក់ ចំណូលបានបង្គួរដែរ ពោលគឺមិនចាញ់ទៅធ្វើការនៅ កូរ៉េឡើយ ។ ការងារចិញ្ចឹមកង្កែប និងត្រី គឺមានភាពងាយ ស្រួលហើយបានរស់នៅជុំគ្រួសារថែមទៀតផង។

បើយោងតាមប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ បានឲ្យដឹងថា មន្ទីរ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានជម្រុញឱ្យពលរដ្ឋបង្កើនការដាំដុះបន្លែ បង្ការ និងចិញ្ចឹមសត្វផ្សេងៗ ដូចជាត្រី កង្កែប មាន់ ទា ជាដើម ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាបើទ្រទ្រង់ជីវភាពគ្រួសារ ពិសេសក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីត១៩។

លោកបន្តថា តាមរយៈការបំផុសចលនាចិញ្ចឹមសត្វទាំងនេះដែរ មន្ទីរកសិកម្ម បានបញ្ជូនមន្ត្រីជំនាញ ចុះទៅបង្រៀន និងបង្ហាត់បង្ហាញ ដល់ប្រជាកសិករ ដែលចង់ ចិញ្ចឹម និង ដាំបន្លែផ្សេងៗ ដោយមន្ត្រីជំនាញបានចុះ តាមដាន ដល់ទីកន្លែងចិញ្ចឹមជាប្រចាំ។ លោកបន្តទៀតថា ខេត្តត្បូងឃ្មុំទាំងមូលក្នុងដំណាក់កាលចុង ក្រោយនេះគឺមានសន្ទុះខ្លាំង លើការងារចិញ្ចឹមសត្វផ្សេងៗ និងដាំបន្លែបង្កា ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ តែយ៉ាងណាយើងនៅមានបញ្ហាប្រឈមមួយចំនួនលើបច្ចេកទេចិញ្ចឹម និងដាំដុះ ពិសេសគឺទីផ្សារតែម្តង ។ តែយ៉ាងណា មន្ទីរកសិកម្ម និងប្រឹងប្រែង រកទីផ្សារជូនពួកគាត់ តាមរយៈ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងប្រាប់ដល់អាជីវករ នានា មកជួយទិញយកទៅលក់បន្ត ហើយការចិញ្ចឹម កង្កែបនិងត្រី និងមានទីផ្សារល្អប្រសើរនាពេលខាងមុខ ។

សូមជម្រាបថា អាជ្ញាធរខេត្តត្បូងឃ្មុំ បានបង្កើតផ្សារចុង សប្តាហ៍ ខណៈផ្សារនេះមានទីតាំងនៅជាប់របងអនុវិទ្យាល័យ និង សាលាបឋមសិក្សា រស្មីកុមារ ទល់មុខសាលាក្រុងសួង ដោយលក់ទំនិញជាច្រើនប្រភេទដូចជាបន្លែ ត្រីសាច់ ដាំដុះ និងចិញ្ចឹមដោយផ្ទាល់ពីប្រជាពលរដ្ឋក្នុងខេត្តតែម្តង់ ។ ផ្សារនេះ លក់ចំនួន២ថ្ងៃ គឺថ្ងៃសុក្រ និងថ្ងៃសៅរ៍ ៕

ព័ត៌មានទាក់ទង...