អភិបាលខេត្តព្រះសីហនុ អំពាវនាវឲ្យភាគីពាក់ពន្ធ័រួមគ្នាថែរក្សាការពារអភិរក្សមច្ឆាជាតិ
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ)៖ ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ អំពាវនាវឲ្យប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជនចូលរួមថែរក្សា ការពារអភិរក្សមច្ឆាជាតិ កំឡុងពេលដែល ឯកឧត្តម ចូលរួមក្នុងពិធីលែងកូនត្រីពូជ ៥ម៉ឺនក្បាល និងត្រីមេពូជជាច្រើនគីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិ ព្រែកទប់ ក្នុងទិវាមច្ឆាជាតិ ០១កក្កដា ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី១៦ ខែកក្កដានេះ។


ឯកឧត្តម យន្ត មីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងវិស័យ ឯកជន ចូលរួមយ៉ាងសកម្មដោយ ប្រកាន់នូវគោលការណ៏ធំៗចំនួន០២ក្នុងនោះ គឺការថែរក្សា ការពារ អភិរក្ស និងបង្កើនផលស្តុកធនធានជលផលទឹកសាប និងជលផលសមុទ្រ ក្នុងបឹងធម្មជាតិឲ្យកាន់តែសម្បូរឡើងថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។


អភិបាលខេត្តបន្តថា រដ្ឋបាលជលផលត្រូវកំណត់ពីតំបន់ដែលមានសក្តានុពលសម្រាប់វិនិយោគ និងជំរុញវារី វប្បកម្ម ពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ដើម្បីបំពេញកំណើនតម្រូវការសាច់ត្រីជាអាហា រ និងកាត់បន្ថយការនេសាទហួសកម្រិត។ ហើយការអភិវឌ្ឍន៍វារីវប្បកម្មត្រូវតែជំរុញឲ្យ បានខ្លាំងក្លាទាំងខ្នាត តូច,មធ្យម និងធំ ដោយធានាបាននូវកំណើនបរិមាណ គុណភាព សុវត្ថិភាពចំណីអាហារដោយត្រូវជំរុញ និងពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវអភិវឌ្ឍវារីវប្បកម្ម នៅ លើផលិតផលកូនត្រី បង្គាពូជ ក្តាមពូជក្នុងស្រុក ដែលធ្វើឲ្យមានសេដ្ឋកិច្ចខ្ពស់។

លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមបានឲ្យដឹងថា ទិវាមច្ឆជាតិ ០១ កក្កដា ២០១៨ រៀបចំប្រារព្ធនៅអាងបឹងព្រែកទប់ ស្ថិតក្នុងសង្កាត់លេខ៣ ដោយ ធ្វើការលែងកូនត្រីពូជចំនួន ៥ម៉ឺនក្បាល និងត្រីមេពូជចំនួន ២០គីឡូក្រាម ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា និងអភិរក្សធនធានជលផល ឲ្យ មាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ កាន់តែសម្បុរបែបថែមទៀត ៕


អត្ថបទ ៖ ប៉ៃ សុឃីម SHV

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation