ព័ត៌មានជាតិ

រាយខ្សែភ្លើងការពារស្រះត្រី បណ្តាលឱ្យឆក់ចោរម្នាក់ស្លាប់ពេលចូលទៅលួចត្រី

image

ពោធិ៍សាត់៖ ប្រទះឃើញសាកសពបុរសម្នាក់នៅក្បែស្រះត្រី កាលពីវេលាម៉ោង១៤:២០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។  សាកសពជនរងគ្រោះ ឈ្មោះ លី សុភា អាយុ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ចំណែកម្ចាស់ស្រះចិញ្ចឹមត្រីឈ្មោះ លី សុង អាយុ ៥៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា ត្រូវបានសមត្ថកិច្ចដាក់ខ្នោះដៃ។

តាមការរៀបរាប់របស់ស្រ្តីជាប្រពន្ធជនរងគ្រោះ អាយុ២៩ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ ប្ដីគាត់បានបាត់ចេញពីផ្ទះរយៈពេល២យប់មកហើយ លុះដល់ថ្ងៃទី២៣ ខែកញ្ញា ស្រាប់តែសមត្ថកិច្ចបានប្រទះឃើញប្តីរបស់គាត់ដេកស្លាប់មាត់ស្រះចិញ្ចឹមត្រីខាងលើ។ តាមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសខេត្ត បានសន្និដ្ឋានថាសាកសពបានស្លាប់លើសពី១០ម៉ោងទៅហើយ ដោយសាកសពមានស្ពាយត្រីលើស្មា នៅលើទ្រូងដោះខាងស្តាំស្មើ ៦សង់ទីម៉ែត្រ មានស្នាមរលាត់ឆេះទំហំ ៤cm× ១cm។ ចំណែកស្មាខាងឆ្វេងស្នាមឆូត ១១cm រលាត់ស្បែក និងស្នាមជាំករខាងស្តាំ មានរលាត់ទាក់វល្លិ៍មេដៃស្តាំ ប្រអប់ដៃខាងស្តាំម្រាមទាំងប្រាំមានស្នាមរលាកកាត់ទទឹង ប្រដាប់ភេទរបស់ជនរងគ្រោះមានទឹកកាម។

ក្រោយការត្រួតពិនិត្យលើសាកសព សមត្ថកិច្ចជំនាញបានសន្មត់ថា សាកសពបានធ្វើសកម្មភាពលួចត្រីចិញ្ចឹមក្នុងស្រះ ហើយបរិវេណនៃស្រះមានចរន្តអគ្គិសនី ទើបបណ្តាលឱ្យឆក់ស្លាប់បែបនេះ។ តែទោះបីយ៉ាងនេះក៏ដោយ ម្ចាស់ស្រះចិញ្ចឹមត្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានទាក់ទង...