
ប៉ូលិសហុងកុងចាប់ខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោ លោក ចូសវ៉ា វ៉ុង

ហុងកុង៖ប៉ូលិសហុងកុងបានចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោមួយរូបគឺ លោក ចូសវ៉ា វ៉ុង (Joshua Wong) នៅថ្ងៃព្រហស្បតិ៍នេះ ពីបទចូលរួមក្នុងការប្រមូលផ្ដុំដោយគ្មានការអនុញ្ញាតកាលពីខែតុលា ឆ្នាំ២០១៩ និងពីបទបំពានច្បាប់ដែលហាមឃាត់មិនឲ្យពាក់ម៉ាសមុខពេលធ្វេីការតវ៉ាក្នុងទីក្រុងនេះ។
ការចាប់ខ្លួន លោក វ៉ុង អាយុ២៣ឆ្នាំបានកើតឡើងប្រហែល៦សប្តាហ៍បន្ទាប់ពីមហាសេដ្ឋីសារព័ត៌មាន លោក ជីមមី ឡាយ (Jimmy Lai) ត្រូវបានឃុំខ្លួនក្រោមការសង្ស័យថាបានឃុបឃិតជាមួយកម្លាំងបរទេស។
លោក វ៉ុង ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅអាមេរិកជាញឹកញាប់ដោយនៅទីនោះគាត់បានអំពាវនាវឲ្យសភាអាមេរិកគាំទ្រចលនាប្រជាធិបតេយ្យរបស់ហុងកុង និងប្រឆាំងការរឹតបន្តឹងរបស់ចិនដីគោកមកលេីក្រុងហុងកុង។ ដំណើរបំពេញទស្សនកិច្ចរបស់គាត់បានធ្វើឱ្យទីក្រុងប៉េកាំងខឹងយ៉ាងខ្លាំងហេីយបានប្រកាសថាគាត់គឺជា «បាតដៃខ្មៅ» របស់កម្លាំងបរទេស។
សហសេវិកយូរអង្វែងរបស់គាត់គឺ អ្នកនាង អាំងណេស ចូវ (Agnes Chow) និងសកម្មជនពីរនាក់ទៀតក៏ស្ថិតក្នុងចំណោមមនុស្ស១០នាក់ដែលត្រូវបានប៉ូលិសចាប់ខ្លួនកាលពីខែសីហាពីបទសង្ស័យថាបានបំពានច្បាប់សន្តិសុខជាតិថ្មីរបស់ហុងកុង។
លោក វ៉ុង ជាមនុស្សម្នាក់ក្នុងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ក្រុងហុងកុងដែលត្រូវបានគេទទួលស្គាល់ជាទូទៅពេញពិភពលោក។ គាត់បានចាប់ផ្ដេីមក្លាយជាសកម្មជនអំឡុងពេលរៀននៅអនុវិទ្យាល័យនៅពេលដែលគាត់បានដឹកនាំការធ្វើកូដកម្មបង្អត់អាហារប្រឆាំងនឹងប្រព័ន្ធអប់រំជាតិ ហើយក្រោយមកបានក្លាយជាមេដឹកនាំតវ៉ាម្នាក់សម្រាប់ចលនាឆ័ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១៤។
លោក វ៉ុង បានជាប់ពន្ធនាគារជាច្រើនដងដោយសារការចូលរួមរបស់គាត់នៅក្នុងការតវ៉ាក្នុងឆ្នាំ២០១៤នោះ៕
