ព័ត៌មានជាតិ

កម្ពុជា បញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់ចូលរួមខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន 

image

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខ័ណ្ឌអាស៊ាន បានបញ្ជាក់ថា កម្ពុជា មានការតាំងចិត្ត និងការប្ដេជ្ញាខ្ពស់ក្នុងការសហការ និងចូលរួមខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ ប្រទេសកម្ពុជា ចាំបាច់ត្រូវបន្តធ្វើកិច្ចការនេះប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុង និងក្រៅតំបន់ ដើម្បីពង្រឹង និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ សំដៅដោះស្រាយបញ្ហាប្រឈម និងការគំរាមកំហែងនៃឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។

ការបញ្ជាក់របស់លោករដ្ឋលេខាធិការ ធ្វើឡើងក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី២០ ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។

នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការគំរាមកំហែងពីសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន មានលក្ខណៈស្មុគស្មាញ ហើយការដោះស្រាយការគំរាមកំហែងនេះ គឺតម្រូវឲ្យមានសកម្មភាពរួមគ្នាពីបណ្ដាប្រទេសនានា។ ដូចនេះកិច្ចប្រជុំនេះ ជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន មតិយោបល់ និងការប្ដេជ្ញាចិត្ត ក៏ដូចជាយុទ្ធសាស្ត្រសម្រាប់ពេលអនាគត។ 

ក្នុងនោះផងដែរ លោករដ្ឋលេខាធិការ បានសម្តែងការជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូដ៏រឹងមាំ ទាំងក្នុងតំបន់ និងពិភពលោក, ប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត នឹងជម្នះបាននូវការគំរាមកំហែងពីសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពក្នុងតំបន់ និងពិភពលោក។

គួរជម្រាបថា ក្នុងឆ្នាំ២០២០នេះ ប្រទេសហ្វីលីពីន ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី២០ ដែលធ្វើតាមប្រព័ន្ធវីដេអូសន្និសីទនេះ ហើយសម្រាប់កិច្ចប្រជុំនេះផងដែរ គឺត្រូវប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំជាមួយនឹងបណ្ដាប្រទេសអាស៊ានដទៃទៀត ក្នុងការផ្លាស់ប្ដូរនូវវឌ្ឍនភាពនានាអំពីស្ថានភាពប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ក៏ដូចជាផ្ដល់មតិយោបល់ពាក់ព័ន្ធ សម្រាប់កំណត់ទិសដៅ កំណត់យុទ្ធសាស្ត្រផ្សេងៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នូវការគំរាមកំហែងដោយសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន៕

ព័ត៌មានទាក់ទង...