ព័ត៌មានជាតិ

ពិតជាសា ហាវ! ប្តីសម្លា ប់ប្រពន្ធរួចយកស ពទៅកប់ក្រោយផ្ទះបំបិទភស្តុតាង តែត្រូវប៉ូលីសបំបែកសំណុំរឿងបាន

image

ព្រះវិហារ៖ ប្តីកំណាចម្នាក់ និងជាមន្ត្រីយោធាផងនោះ បានលើកដៃសម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយសម្លាប់ហើយយកទៅកប់ចោលខាងក្រោយផ្ទះអស់ជាច្រើនថ្ងៃ ដើម្បីបំបិទភស្តុតាង តែត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងយោធា (ក.២) កងពលតូចអន្តរាគមន៍លេខ៨ បានបំបែកសំណុំរឿងករណីនេះ ហើយជនសង្ស័យជាប្តីត្រូវបានចាប់ខ្លួន។

យោតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បញ្ជាក់នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ថា ជនសង្ស័យជាប្តី ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ស៉ិន ស៉ឹម អាយុ៥២ឆ្នាំ មុខរបរយោធាបម្រើនៅអង្គភាពវរអន្តរាគមន៍លេខ៣៨២ នៃកងពលតូចអន្តរាគមន៍លេខ៨។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ ហួយ ផល្លា អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកអធិការស្រុក បានបន្តថា ជនរងគ្រោះជាប្រពន្ធត្រូវបានជនសង្ស័យជាប្តីសម្លាប់ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០មកម្ល៉េះ ហើយបានយកទៅកប់ក្រោយផ្ទះនៅព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបំបិទភស្តុតាង។ ការបែកធ្លាយរឿងបាត់ស្ត្រីជនរងគ្រោះនោះ គឺដោយសារកូនទូរស័ព្ទអត់ចូល ហើយក៏ទូរស័ព្ទសួរជនសង្ស័យជាឪពុក តែជនសង្ស័យឆ្លើយបែបអត់ដឹងរឿងថា មិនដឹងទៅណាទេបាត់ខ្លួន២-៣ថ្ងៃហើយ។ បន្ទាប់ពីព័ត៌មាននៃការបាត់ខ្លួនជនរងគ្រោះ ដោយមិនដឹងមូលហេតុ លោកមេភូមិស្ទឹងខៀវតេជោ ក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ កម្លាំងជំនាញបានចុះស្រាវជ្រាវដល់ផ្ទះជនរងគ្រោះ រហូតកំណត់មុខសញ្ញាជនសង្ស័យជាប្តី និងឈានដល់ការឃាត់ខ្លួន ព្រមទាំងនាំទៅចង្អុលបង្ហាញកន្លែង ដែលខ្លួនយកសពប្រពន្ធទៅកប់ចោលនោះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តី បានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធពិតប្រាកដមែន គឺសម្លាប់ដោយបោកក្បាលនឹងឥដ្ឋការ៉ូ ដោយសារខឹងប្រពន្ធរកកាប់ខ្លួននៅពេលមានទំនាស់នឹងគ្នា។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


ព័ត៌មានទាក់ទង...