ព័ត៌មានជាតិ

ផ្លូវ និងប្រឡាយទឹកមួយចំនួន ក្នុងក្រុងកំពត ត្រូវកំណត់ទំហំឲ្យបានធំទូលាយ និងតភ្ជាប់គ្នាជាប្រព័ន្ធ 

image

អត្ថបទ  ៖ វង្ស សុធារម្យ 

ខេត្តកំពត៖ ដើម្បីរក្សាបាននូវសោភ័ណ្ឌភាពទីក្រុង និងសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងភ្ញៀវទេចរណ៍ មិនឲ្យកកស្ទះ អភិបាលខេត្តកំពត បានជំរុញឲ្យមន្ទីរជំនាញត្រូវស្វែងរកលទ្ធភាព ក្នុងការកំណត់ទំហំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយ លូរំដោះទឹក ឲ្យបានធំទូលាយ ដើម្បីធានាដល់ការអភិវឌ្ឍក្រុងប្រកបដោយចីរភាព។ 

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ដើម្បីកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ប្រឡាយ លូរំដោះទឹក សម្រាប់ធ្វើការបិទផ្សាយជាសាធារណៈ នូវការវិនិច្ឆ័យ ប្លង់គោលសុរិយោដីនៃកាចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។

លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើបទបង្ហាញឲ្យដឹងថា គម្រោងប្លង់គោល ដែលគណៈកម្មការរដ្ឋបាលក្នុងតំបន់ ធ្វើការវិនិច្ឆ័យ សម្រាប់នីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីខេត្ត  ដែលនឹងឈានដល់ការបិទផ្សាយជាសាធារណៈ នូវប្លង់សុរិយោដី និងបញ្ជីអ្នកកាន់កាប់ដី ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពតខេត្តកំពត។ ក្នុងនោះពាក់ព័ន្ធនឹងការកំណត់ហេដ្ឋារចនាសម្ព័ន្ធដែលមានផ្លូវថ្នល់ មួយខ្សែទំហំ៣០ម៉ែត្រ១ខ្សែ, ទំហំ១២ម៉ែត្រ១ខ្សែ, ទំហំ៦ម៉ែត្រ១ខ្សែ, ទំហំ៥ម៉ែត្រ១ខ្សែ និងទំហំ៤ម៉ែត្រ១ខ្សែ ចំណែកឯផ្លូវទឹកព្រែកជីក ១ខ្សែមានមាត់លើ(ទទឹង)ទំហំ ៧ម៉ែត្រ។

នៅក្នុងហេដ្ឋារចនាសម្ព័ន្ធនោះ មានផ្លូវទាល់ពីរកន្លែង ដែលត្រូវយកមកពីភាក្សាសម្រេចថាត្រូវតភ្ជាប់គ្នាឬយ៉ាង? ហើយត្រូវដោះស្រាយផលប៉ះពាល់យ៉ាងដូចម្តេច?

លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការងារកំណត់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរក្សាសោភ័ណ្ឌភាពក្រុងផង សម្រួលការធ្វើចរាចរណ៍មិនឲ្យកកស្ទះផង និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ព្រោះក្រុងកំពតមានទេសចរណ៍មកកម្សាន្តច្រើនឡើងៗ ជាលំដាប់ ពីមួយខែ ទៅមួយខែ។

លោកអភិបាល បានណែនាំ និងជំរុញមន្ត្រីមន្ទីរជំនាញ ត្រូវធ្វើយ៉ាងណា ស្វែងរកលទ្ធភាពក្នុងការកំណត់ទំហំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ប្រឡាយ និងលូរំដោះទឹក ឲ្យបានធំទូលាយល្អ និងសិក្សាឲ្យបានច្បាស់លាស់ អំពីផលប៉ះពាល់នៅចំពោះមុខ និងផលប៉ះពាល់នៅពេលអនាគត ពិសេសហេដ្ឋារចនាសម្ព័ន្ធត្រូវតែតភ្ជាប់គ្នាលក្ខណៈជាប្រព័ន្ធ កុំឲ្យមានផ្លូវទាល់៕

ព័ត៌មានទាក់ទង...