ព័ត៌មានជាតិ

ចាប់បានហើយឃាតកសម្លាប់មនុស្សច្រក​ក្នុងវ៉ាលីបោះចោល​នៅខេត្តកំពង់ស្ពឺ

image

កំពង់ស្ពឺ៖ ចាប់បានហើយឃាតកដែលបានសម្លាប់មនុស្សច្រក​ក្នុងវ៉ាលីយកទៅបោះចោល​នៅខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។ តាមការស៉ើបអង្កេតបឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា ឃាតក គឺអ្នកបើករថយន្តឱ្យជនរងគ្រោះ ហើយជនរងគ្រោះគឺជនជាតិចិន និងជាជាថៅកែរោងចក្រផលិតគ្រឿងសម្ភារបរិក្ខាពេទ្យនៅក្នុងប្រទេសកម្ពុជា។

​សូមបញ្ជាក់ថា នៅថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ មានអ្នកដំណើរ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ដែល​គេ​សន្និដ្ឋានថា ជនរងគ្រោះជា​ជន​ជាតិចិន ដែល​ឃាតក​ច្រក​ក្នុង​វ៉ាលី ហើយ​យកទៅបោះចោល នៅ​ចំណុច​មាត់ជ្រោះរោង​រាង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រលេខ​១០៤ និង១០៥ ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋដែលបានឃើញសពដែលគេយកទៅផ្លុងចោលនោះ បាន​និយាយថា ខណៈដែលធ្វើ​ដំណើរដោយ​ម៉ូតូ មកដល់​ចំណុចកើតហេតុ បានឃើញ​រថយន្តម៉ាក តូយ៉ូតា ហាយ​លែ​ន​ឌ័​រ ពណ៌​ស តែ​មិន​ចាំ​ស្លាក​លេខ ចត​បែរមុខទៅ​ទិស​ខាងលិច ហើយ​គាត់​បានឃើញមនុស្ស​ប្រុស​ម្នាក់សង្ស័យ​ជា​ជនជាតិ​ចិន បាន​បើក​គូទ​ក្រោយ​រថយន្ត ហើយ​បាន​ទាញ​វ៉ាលីធំពីលើ​រថយន្ត ទម្លាក់​ចុះទៅ​មាត់ជ្រោះ​។ ពេលនោះ​គាត់​ឈប់​ម៉ូតូ មើល​ពី​ម្ខាង​ថ្នល់​ រួច​បុរស​នោះ បាន​បើករថយន្ត ទៅ​ទិស​ខាងលិច​បាត់​។​

​បន្ទាប់មក គាត់​បានសង្ស័យ ក៏បាន​ចុះទៅ​មើល​វ៉ាលីនោះ ក៏​បានឃើញ​ថង់​ខ្មៅ មាន​ជើងមនុស្ស​។ ភ្លាមនោះ គាត់​បាន​ទៅប្រាប់អ្នកភូមិ​នៅក្បែរនោះ ហើយ​បាន​រាយការណ៍ជូនទៅ​សម​ត្ថកិច្ច​មូល​ដ្ឋាន៕