ព័ត៌មានជាតិ

ក្រុមការងារអន្តរក្រសួង បើកកិច្ចប្រជុំដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ

image

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារអន្តរក្រសួង បានបើកកិច្ចប្រជុំ ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។  

នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីពិភាក្សាបច្ចេកទេស បែកចែកភារកិច្ចដើម្បីឱ្យជំនាញចុះទៅផ្ទាល់ សិក្សា ដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេជាមួយមូលដ្ឋានផ្ទាល់។

សូមបញ្ជាក់ថា ក្រុមការងារនេះ មានតួនាទីភារកិច្ច សិក្សាស្រាវជ្រាលអំពីប្រវត្តិនៃការលិចនាវា ព្រមទាំងភស្តុតាងផ្សេងៗ ដើម្បីឈានទៅកំណត់ទីតាំងជាក់លាក់នៃនាវាដែលលិច ប្រភេទនាវា និងប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមាននៅក្នុងនាវាសម្រាប់ជាមូលដ្ឋានកំណត់គោលដៅបោះពោង ឬដាក់ផ្លាកសញ្ញាចំណាំជាតំបន់មានហានិភ័យដែលត្រូវហាមឃាត់ការចេញចូលតំបន់នោះ។ ជាមួយនេះ ត្រូវសម្របសម្រួលស្នើសុំកងកម្លាំងកងទ័ពជើងទឹក និងនគរបាលការពារព្រំដែនទឹក ដើម្បីសហការប្រចាំការការពារនៅតំបន់មានហានិភ័យខាងលើ សំដៅធ្វើការហាមឃាត់មិនឱ្យប្រជាពលរដ្ឋចេញ ចូល ឆ្លងកាត់ការធ្វើអាជីវកម្មបូមខ្សាច់ និងការធ្វើនាវាចរណ៍ចូលទៅក្នុងតំបន់នោះ។ ជាពិសេស ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីតំបន់មានហានិភ័យដែលត្រូវបានហាមឃាត់ខាងលើ ដើម្បីបង្ការការពារការកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។សិក្សាស្រាវជ្រាវ និងកំណត់លក្ខខណ្ឌបច្ចេកទេស ដើម្បីរៀបចំប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីក្នុងនាវាដែលបានលិច ព្រមទាំង បំពេញការងារផ្សេងៗទៀត តាមការចាំបាច់៕


ព័ត៌មានទាក់ទង...