ព័ត៌មានអន្តរជាតិ

លោក ត្រាំ អត់បង់ពន្ធលេីប្រាក់ចំណូលអស់រយៈពេល១០ឆ្នាំក្នុងអំឡុងពេល១៥ឆ្នាំកន្លងមក

image

អាមេរិក៖ កាសែត ញូវយ៉កថែមស៍ (New York Times) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មិនបានបង់ពន្ធលេីប្រាក់ចំណូលចំនួន១០ក្នុងអំឡុងពេល១៥ឆ្នាំកន្លងទៅគិតចាប់ពីឆ្នាំ២០០០មកដោយគាត់បានរាយការណ៍ថាក្រុមហ៊ុនរបស់គាត់រកស៊ីខាត។

កាសែត ញូវយ៉កថែមស៍ (New York Times) ដែលបានប្រកាសថា ខ្លួនមានទិន្នន័យពន្ធរបស់ លោក ត្រាំ និងក្រុមហ៊ុននានារបស់គាត់ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ក៏បានរាយការណ៍ដែរថា លោក ត្រាំ បានបង់ពន្ធលេីប្រាក់ចំណូលតែ៧៥០ដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០១៦ជាឆ្នាំដែលគាត់បានឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក និង៧៥០ដុល្លារទៀតក្នុងឆ្នាំ២០១៧។

នៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំ បានច្រានចោលរបាយការណ៍នេះដោយគាត់បានិិយាយថា នោះជា «ជាព័ត៌មានក្លែងក្លាយទាំងស្រុង»។

លោក ត្រាំ បានបញ្ជាក់ថា គាត់បានបង់ពន្ធលេីប្រាក់ចំណូលយ៉ាងច្រេីន និងបានថា គាត់នឹងបង្ហាញរបាយការណ៍ពន្ធរបស់គាត់ឆាប់ៗនេះ។

ច្បាប់មិនតម្រូវឲ្យប្រធានាធិបតីអាមេរិកបង្ហាញព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួនទេ ប៉ុន្តែកន្លងមកគ្រប់ប្រធានាធិបតីទាំងអស់ចាប់តាំងពី លោក រីឆាដ និចសុន (Richard Nixson) គឺសុទ្ធតែបានរាយការណ៍ពីហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ។

លោក ត្រាំ បានធ្វេីខុសនឹងទម្លាប់របស់ប្រធានាធិបតីមុនៗដោយគាត់បានបដិសេធមិនបញ្ចេញរបាយការណ៍ប្រាក់ចំណូលរបស់គាត់ ដែលនេះបានជំរុញឲ្យមានការសន្និដ្ឋានផ្សេងៗធំពីអ្វីដែលអាចមាននៅក្នុងរបាយការណ៍នោះ៕


ព័ត៌មានទាក់ទង...