ព័ត៌មានជាតិ

សមាជិក សសយក ១២៨ នាក់ក្នុងខេត្តត្បូងឃ្មុំ ទទួលបាន ការបណ្តុះបណ្តាលជំនាញជាអ្នកអង្កេតការណ៍ជាតិ

image

អត្ថបទ ៖ ជឹង សេងឡុង 
ខេត្តត្បូងឃ្មុំ ៖ ដើម្បីលើកកម្ពស់ចំណេះដឹងបន្ថែមទៀតលើជំនាញអ្នក អង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោត សហភាពសហព័ន្ធយុវជន កម្ពុជា សសយក សហការជាមួយគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានរៀបចំវគ្គបណ្តុះបណ្តាលអ្នកអង្កេត ការណ៍ជាតិដល់យុវជនជាសមាជិក សសយក ចំនួន១២៨នាក់ ស្រី ៤២ នាក់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងនៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍ក្នុងឳកាសនោះលោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា យុវជនមានតួនាទីយ៉ាងសំខាន់នៅគ្រប់សកម្ម ភាពសង្គម ព្រោះយុវជនគឺជាអ្នកបន្តវេនដឹកនាំ បម្រើប្រទេសជាតិនៅថ្ងៃអនាគត ហេតុនេះ វគ្គបណ្តុះបណ្តាលជំនាញអ្នក អង្កេតការណ៍ដែលរៀបចំធ្វើនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ ណាស់សម្រាប់យុវជន ដែលជាសមាជិក សសយក សម្រាប់ ជួយឲ្យការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តិដោយត្រឹមត្រូវ និងយុត្តិធម៌ ។

ជាមួយនិងការលើកឡើងបែបនេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើរ និងជម្រុញដល់យុវជន សសយក ទាំងអស់ត្រូវខិតខំរៀនសូត្រ រស់នៅមានអនាម័យ ដើម្បីមានសុខភាពល្អ ពិសេសចូលរួមជា មួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ ជំងឺកូវីដ១៩ ។ ជាមួយ គ្នានោះលោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ត្រូវសំអាតទីធ្លា សាលាឲ្យបានស្អាតជានិច្ច ។ ក្រៅពីការងារទាំងនេះ ការងារបរិស្ថានក៏មានសារៈសំខាន់ខ្លាំងមួយដែរ ដូចនេះយើងត្រូវបំផុស និងធ្វើយុទ្ធនាការដាំកូនឈើនៅតាមទីសាធារណៈ បរិវេណ វត្តអារាម និងសាលារៀន ជាដើមដោយធ្វើយ៉ាងណាឲ្យ ខេត្តត្បូងឃ្មុំរបស់យើងមានភាពស្រស់បំព្រងជានិច្ច ។

បើតាមរបាយការណ៍លោក កែវ វណ្ណៈ ប្រធានស្តីទី សសយក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយមានការយកចិត្តទុក ដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិក សសយក ខេត្តត្បូង ឃ្មុំបានចូលរួមសកម្មភាពសង្គមជាច្រើនដូចជា ការងារបណ្តុះបណ្តាលសមត្ថភាពយុវជន ការងារបរិច្ចាកឈាម ការងារមនុស្សធម៌មូលដ្ឋាន ការងារបរិស្ថាន កីឡា ចុះផ្សព្វផ្សាយពីតម្លៃ នៃសុខសន្តិភាព ការងារចុះផ្សព្វផ្សាយពីការអភិវឌ្ឍខេត្ត និងប្រទេសជាតិរបស់រាជរដ្ឋាភិបាល ចុះយុទ្ធនាការប្រយុទ្ធ ប្រឆាំងជំងឺឆ្លងនានា ពិសេសជំងឺកូវីដ១៩ ។ ក្រៅពីការងារ ទាំងនេះ សមាជិក សសយក ក៏បានចូលរួមអង្កេតការណ៍ ពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតគ្រប់កំរិតផងដែរ៕