ព័ត៌មានជាតិ

សមត្ថកិច្ច ប្រគល់ក្រឡ ដែលជាវត្ថុបុរាណអាយុកាល៣០០-៥០០ឆ្នាំមុន  ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  

image

អត្ថបទ៖ ប៉ៃ សុឃីម  

ព្រះសីហនុ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានទទួល ក្រឡបុរាណក្នុងចន្លោះ សតវត្សទី១៥-១៧ ចំនួន២៨១ ដើម្បីគ្រប់គ្រងបន្ត បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការដកហូតពីជនជាតិវៀតណាមដែលរកឃើញនៅក្នុងសមុទ្រចន្លោះកោះឬស្សី និងកោះតាគៀវ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ មានប្រជាពលរដ្ឋម្នាក់ មានក្រឡបុរាណជាច្រើននៅក្នុងផ្ទះស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មានមុខរបរនេសាទ, សមត្ថកិច្ចចម្រុះ ទៅដកហូតបានក្រឡបុរាណសរុបចំនួន ២៨១ក្រឡ ដែលបានលាក់នៅក្នុងផ្ទះចំនួន២ និងឃាត់ខ្លួនបានមនុស្សម្នាក់ និងម្ចាស់ផ្ទះមួយទៀត កំពុងគេចខ្លួន។ 

លោកមេបញ្ជាការបានបន្តថា ក្រោយពីឃាត់ខ្លួនបុរសជនជាតិវៀណាមមកសួនាំ ឈ្មោះ ឡេ វ៉ាងហួនហើយ បានប៉ុន្មានថ្ងៃ ក៏ត្រូវសមត្ថកិច្ចឆែកឆេរឃើញតែម្តង។

លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានដឹកនាំមន្ត្រីចុះពិនិត្យទទួលយកនូវត្ថុបុរាណនេះ បានបញ្ជាក់ថា ក្រឡទាំងនេះពិតជាក្រឡបុរាណពិតមែន មានអាយុកាលចន្លោះពី៣០០-៥០០ឆ្នាំមុន មានន័យចន្លោះសត្ថវត្សន៍ទី១៥-១៧។ លោកថា “វត្ថុបុរាណប្រភេទនេះ យើងក៏ធ្លាប់រកឃើញនៅក្នុងខេត្តកោះកុងប៉ុន្មានឆ្នាំមុនផងដែរ ដោយកាលនោះវត្ថុបុរាណប្រភេទនេះ បានរកឃើញក្នុងសំពៅបុរាណ ដែលជាសំពៅជំនួញនាយុគសម័យនោះ ដែលអ្នកជំនួនបានដឹកចេញពីតំបន់មួយនៃប្រទេសថៃ មកធ្វើការរកស៊ីនៅកម្ពុជា ហើយបានលិចនៅទីនេះ”។ 

លោក បានបញ្ជាក់បន្ថែមថា សម្រាប់ការរកឃើញនាពេលនេះ ពុំទាន់ដឹងថាវត្ថុទាំងនេះ ស្ថិតក្នុងសំពៅដូចនៅខេត្តកោះកុងដែរឬទេ ត្រូវរង់ចាំក្រុមការងារធ្វើការ ស្រាវជ្រាវបន្ត។ 

ប្រភព ដដែលបានបញ្ជាក់ផងដែរថា ចំពោះវត្ថុ(ក្រឡ)ទាំងនេះ យោងតាមឯកសារប្រវត្តិសាស្ត្របានឱ្យដឹងថា ជាវត្ថុប្រើប្រាស់របស់មនុស្សសម័យមុនសតវត្សទី១៥-១៧ ក្នុងជីវភាពប្រចាំថ្ងៃ ដោយក្រឡតូចៗ សម្រាប់ដាក់វត្ថុផ្សេង ដាក់ថ្នាំបុរាណ និងនៅខ្លះទៀតនៅតំបន់ជួរភ្នំក្រវាញ គេយកក្រឡតូចៗនេះ ទៅដាក់ឆ្អឹងសាកសពហើយយកទៅរក្សាទុកនៅជំរាក់ភ្នំ រីឯ ក្រឡធំៗគេយកទៅដាក់ទឹក ដាក់ស្រា ត្រាំថ្នាំបុរាណ។ល។

សូមបញ្ជាក់ផងដែរថា ក្រឡបុរាណនេះ នឹងត្រូវបញ្ជូនទៅកាន់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ នៅរាជរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងពិសោធន៍ឱ្យបានច្បាស់ ដើម្បីកំណត់ឆ្នាំជាក់លាក់ ៕


ព័ត៌មានទាក់ទង...