ព័ត៌មានអន្តរជាតិ

ការប្រយុទ្ធគ្នានៅតំបន់ការ៉ាបាក់ (Karabakh) ឈានចូលដល់ថ្ងៃទី៤ ខណៈដែលប្រទេសអាមេនីប្រកាសថាមិនត្រូវការជំនួយយោធាបរទេស

image

ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រទេសអាមេនីនិងអាស៊ែបៃហ្សង់ពាក់ព័ន្ធនឹងតំបន់ណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh) បានឈានចូលដល់ថ្ងៃទី៤ហើយនៅថ្ងៃពុធនេះនៅក្នុងការផ្ទុះឡើងដ៏ធំនៃជម្លោះដែលមានអាយុកាលជាច្រើនទសវតរ្ស៍ចាប់តាំងពីមានបទឈប់បាញ់នៅឆ្នាំ១៩៩៤។

ប្រទេសអាមេនីនិងអាស៊ែបៃហ្សង់បាននិយាយថាមានការវាយប្រហារគ្នាទៅវិញទៅមកនៅទីតាំងជាច្រើននៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនដែលខណ្ឌចែកប្រទេសទាំងពីរ។

ការប្រយុទ្ធគ្នានោះបានរាលដាលចេញផុតពីតំបន់ណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh) ដែលអាចនឹងឈានទៅដល់ការផ្ទុះឡើងនូវសង្គ្រាមដ៏ខ្លាំងក្លារវាងប្រទេសអតីតសាធារណរដ្ឋសូវៀតទាំងពីរនេះ។

នាយករដ្ឋមន្ត្រីអាមេនីលោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) ដែលបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃអង្គារនោះបាននិយាយថានៅពេលនេះលោកមិនបានពិចារណាក្នុងការស្នើសុំជំនួយយោធាពីក្រៅប្រទេសឡើយ ប៉ុន្តែក៏មិនបានបដិសេធថាមិនធ្វើបែបនេះដែរ។

លោក នីកូល បាននិយាយថា លោកនិងលោក ពូទីន មិនបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការអន្តរាគមន៍របស់យោធារុស្ស៊ីនៅក្នុងជម្លោះនៅតំបន់ណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh) នេះទេ។

គួរបញ្ជាក់ថា តំបន់ជួរភ្នំនោះស្ថិតនៅក្នុងប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយជនជាតិភាគតិចអាមេនី ហើយត្រូវបានគាំទ្រដោយប្រទេសអាមេនី។ តំបន់នេះបានបែកចេញពីអាស៊ែបៃហ្សង់ក្នុងសង្គ្រាមមួយនៅទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែមិនត្រូវបានប្រទេសណាមួយទទួលស្គាល់ថាជារដ្ឋឯករាជ្យទេ៕

ប្រែសម្រួលដោយ៖ ហ៊ាង នីតា


ព័ត៌មានទាក់ទង...