
ពលរដ្ឋឥណ្ឌារាប់រយនាក់ធ្វេីការតវ៉ាបន្ទាប់ពីជនរងគ្រោះដោយការរំលោភម្នាក់បានបាត់បង់ជីវិត

ឥណ្ឌា៖ស្ត្រីម្នាក់ក្នុងប្រទេសឥណ្ឌាបានបាត់បង់ជីវិតកាលពីថ្ងៃអង្គារ គឺមានរយៈពេលតែជាងពីរសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីអាជ្ញាធរបាននិយាយថា រូបនាងត្រូវបានបុរសមួយក្រុមចាប់រំលោភ។
ការស្លាប់របស់ស្ត្រីរងគ្រោះដោយការរំលោភនេះបានបង្កឱ្យមានការតវ៉ានៅក្នុងទីក្រុងញូវដែលីដោយមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅឯមន្ទីរពេទ្យមួយដែលតម្កល់សាកសពរបស់នាង។
ករណីរបស់នាងគឺជាឧក្រិដ្ឋកម្មដ៏រន្ធត់មួយទៀតប្រឆាំងនឹងស្ត្រីនៅក្នុងប្រទេសឥណ្ឌាដែលមានកេរ្តិ៍អសោចថាជាកន្លែងដែលគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រីរស់នៅ។
កាលពីថ្ងៃអង្គារឪពុកជនរងគ្រោះបានទាមទាររកយុត្តិធម៌ឲ្យកូនស្រីរបស់គាត់ស្របពេលដែលមនុស្សរាប់រយនាក់បានតវ៉ានៅខាងក្រៅមន្ទីរពេទ្យ។
អាជ្ញាធរបាននិយាយថា ជនរងគ្រោះអាយុ១៩ឆ្នាំត្រូវបានគេវាយប្រហារ និងចាប់រំលោភកាលពីថ្ងៃទី១៤ ខែកញ្ញានៅឯចម្ការក្បែរផ្ទះរបស់នាងក្នុងសង្កាត់ហាស្រាស់ (Hathras) ចម្ងាយប្រហែល១០០គីឡូម៉ែត្រពីរដ្ឋធានីញូវដេលី។
កាលពីថ្ងៃច័ន្ទនារីរងគ្រោះត្រូវបានបញ្ជូនពីមន្ទីរពេទ្យក្នុងរដ្ឋអ៊ុតថា ប្រាដែស (Uttar Pradesh) មកកាន់មន្ទីរពេទ្យក្នុងទីក្រុងញូវដែលីប៉ុន្តែនាងបានស្លាប់ពេលកំពុងសម្រាកព្យាបាល។
ប៉ូលិសបានចាប់ខ្លួនបុរសបួននាក់ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ។
គួរកត់សម្គាល់ថា រៀងរាល់១៥នាទីជាមធ្យម ស្ត្រីម្នាក់នៅក្នុងប្រទេសឥណ្ឌាត្រូវបានគេចាប់រំលោភ-នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០១៨ដែលទេីបចេញផ្សាយនៅឆ្នាំនេះ៕
