ព័ត៌មានជាតិ

ដោយសារវិបត្តិកូវីដ១៩ បានបង្ខំឱ្យម្ចាស់កសិដ្ឋានជិត ៧០កន្លែង បោះបង់ការដាំម្រេច

image

អត្ថបទ៖ វង្ស សុធារម្យ  
កំពត៖ ដោយសារជំងឺកូវីដ១៩ បានអូសបន្លាយជាច្រើនខែកន្លងមក បានបង្ខំឱ្យម្ចាស់ចម្ការម្រេចប្រមាណជិត ៧០កន្លែង ក្នុងចំណោមជាង ៤០០កន្លែង បានបោះបង់ការដាំម្រេចរបស់ខ្លួន ដែលចម្ការម្រេចទាំងនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមម្រេចកំពត។ ហេតុផលដែលពួកគាត់មិនបន្តអាជីវកម្មធ្លាប់មានជាយូរលង់មកហើយនោះ ព្រោះតែអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ផលិតផលធ្វើបាន ត្រូវរាំងស្ទះពិបាកក្នុងការលក់ចេញ។

ប្រធានសមាគមម្រេចកំពត លោក ងួន ឡាយ បានរៀបរាប់ថា សមាគមម្រេចកំពតគ្រប់គ្រងកសិដ្ឋានម្រេចក្នុងខេត្តកំពត និងខេត្តកែប សរុប ៤៤៧គ្រួសារ ដែលជាអ្នកផលិត និងគ្របដណ្តប់លើផ្ទៃដី ២៩០ហិកតា។ ក្នុងនោះមានក្រុមហ៊ុនកែច្នៃវេចខ្ចប់សម្រាប់នាំចេញចំនួន៣៧។ ប៉ុន្តែមកដល់ពេលនេះ ម្ចាស់កសិដ្ឋាន ៦៨កន្លែង បានបោះបង់ចោលនូវការដាំម្រេច ក៏ដូចជាការថែទាំដំណាំរបស់ខ្លួន។

លោកប្រធាន បានបញ្ជាក់ថា នៅមានសមាជិកសមាគមជាច្រើនទៀតកំពុងត្រៀមបោះបង់មុខរបរនេះដែរ។ ហេតុផលដែលពួកគាត់មិនបន្តអាជីវកម្មធ្លាប់មានជាយូរលង់មកហើយនោះ ព្រោះតែអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ផលិតផលធ្វើបានត្រូវរាំងស្ទះពិបាកក្នុងការលក់ចេញ។ លោក ងួន ឡាយ បានបន្តថា ក្រៅពីកត្តាទីផ្សារ ក្រុមហ៊ុនធំៗដែលបោះបង់ការផលិតទាំងនោះ ជួបបញ្ហាបច្ចេកទេសគ្រប់គ្រង ព្រោះដើម្បីទទួលបានគុណភាពល្អ ម្រេចកំពត មានការលំបាកក្នុងការផលិត។ ហានិភ័យទាំងនេះហើយ ទើបជំរុញឱ្យម្ចាស់កសិដ្ឋានបោះបង់ចោលនូវការផលិត។

លោកប្រធានសមាគម បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ម្រេចដែលបានលក់ចេញមានចំនួន ៧២តោន។ ដោយឡែកគិតមកដល់ចុងខែកញ្ញា ឆ្នាំ២០២០ ការលក់ចេញបានប្រមាណ ៤៣តោន ដែលភាគច្រើនជារបស់ក្រុមហ៊ុនធំៗផលិត និងវេចខ្ចប់ដោយខ្លួនឯង។

លោក ងួន ឡាយ បានបញ្ជាក់បន្ថែមថា ជាទូទៅក្នុងចំណោមម្រេចប្រមាណ ៧០តោន ដែលលក់ចេញរៀងរាល់ឆ្នាំ គឺនាំទៅក្រៅប្រទេសតែរង្វង់ ៤០តោន ឯ ៣០តោនទៀត សម្រាប់ទេសចរបរទេស ដែលចូលមកកម្សាន្តទិញដោយផ្ទាល់ប៉ុណ្ណោះ។ បច្ចុប្បន្នព្រោះតែវិបត្តិជំងឺកូវីដ១៩ ដែលមិនមានភ្ញៀវអន្តរជាតិមកដូចបណ្តាឆ្នាំមុនៗ ទើបបរិមាណម្រេចលក់ចេញមានការថយចុះបែបនេះ៕