សន្តិសុខសង្គម

ក្រុមក្មេងទំនើងបង្ហោះម៉ូតូ ១៣នាក់ ត្រូវបានសមត្ថកិច្ចចាប់យកទៅអប់រំណែនាំនៅស្នងការដ្ឋាននគរបាលខេត្តបាតដំបង

image


បាត់ដំបង៖ ក្រុមក្មេងទំនើងបង្ហោះម៉ូតូ ចំនួន ១៣នាក់ នៅក្នុងព្រលានយន្តហោះវាលបែកចាន និងនៅលើផ្លូវហាយវេ(ផ្លូវវាងក្រុង) ត្រូវបានកម្លាំងក្រុមអន្តរាគមន៍ បើកប្រតិបត្តិការបង្ក្រាប
និងបានធ្វើការនាំខ្លួនពួកគេ ទៅកាន់ស្នងការដ្ឋានរួមជាមួយម៉ូតូចំនួន ៦គ្រឿងផងដែរ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។

ប្រតិបត្តិការបង្ក្រាបនោះ ដឹកនាំដោយលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដោយបានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

សូមបញ្ជាក់ថា នៅលើផ្លូវហាយវេ (វាងក្រុង) និងក្នុងព្រលានយន្តហោះវាលបែកចាន ក្រុមក្មេងបង្កអនាធិបតេយ្យ តែងតែប្រើប្រាស់ម៉ូតូជិះបង្ហោះចុះឡើងក្នុងល្បឿនលឿន ជាហេតុបង្កឱ្យមានការរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ហើយម្តងម្កាលបានបង្កករណីគ្រោះថ្នាក់ផងដែរ។ ជារឿយៗសមត្ថកិច្ចនគរបាល បានចេញបង្ក្រាបនាំខ្លួនពួកគេទៅធ្វើការអប់រំណែនាំ ឱ្យឈប់ប្រព្រឹត្ត ប៉ុន្តែបានស្ងប់ស្ងាត់តែមួយរយៈ សកម្មភាពបែបនេះក៏ផ្ដើមកើតឡើងវិញជាថ្មី។

ក្រោយចាប់ខ្លួនក្មេងទំនើងនោះ កម្លាំងការិយាល័យជំនាញបានធ្វើការអប់រំ និងឱ្យអាណាព្យាបាលទៅទទួលយក និងធ្វើកិច្ចសន្យាធានាយកទៅអប់រំបន្ត នៅសហគមន៍វិញ៕



ព័ត៌មានទាក់ទង...