សុខភាព

ឈប់យល់ច្រឡំទៀតទៅ ផឹកទឹកកក មិនបណ្តាលឲ្យឡើងគីឡូ ដុះក្បាលពោះនោះទេ

image



ភ្នំពេញ៖ ទឹកត្រជាក់ ពិសេសទឹកកក មិនថាចាស់ ឬក្មេងទេ ចូលចិត្តផឹកណាស់ ហើយបើចំអាកាសធាតុក្តៅផង ដាក់ ១ក្អឹកទៅ ដឹងតែមានកម្លាំងភ្លែត។ ក្នុងនោះ មានមតិមួយចំនួនបានលើកឡើងថា ការផឹកទឹកកក អាចបណ្តាលឲ្យដុះក្បាលពោះ និងឡើងគីឡូ តើពិតជាអ៊ីចឹងមែនអត់?

បញ្ហានេះ ឱសថការី សែម ស៊ីណែត និងជាគ្រូបង្រៀនមុខវិជ្ជា ជីវវិទ្យា នៅសាលាជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ អះអាងថា ការផឹកទឹកកក មិនបណ្តាលឲ្យដុះក្បាលពោះ ឬឡើងទម្ងន់ឡើយ។ លោកថា ការយល់ខុសដែលចាក់ស្រែះនៅក្នុងការយល់ដឹងរបស់ប្រជាជនជាច្រើន គឺថាទឹកត្រជាក់ធ្វើឲ្យខ្លាញ់កកនៅក្នុងខ្លួន។ តាមការពិតទឹកកកមិនបានធ្វើឲ្យខ្លាញ់កកនៅក្នុងខ្លួនយើងអ្វីនោះឡើយ ផ្ទុយទៅវិញវាថែមទាំងធ្វើឲ្យកោសិកាយើងបំបែកកាឡូរី (ថាមពល) ដើម្បីកម្តៅទឹកទៀតផង ព្រោះទឹកត្រជាក់ដែលចូលទៅក្នុងបំពង់អាហារ និងពោះវៀនចាំបាច់ត្រូវមានកម្តៅប្រហាក់ប្រហែលនឹងក្នុងខ្លួន។

បើសិនជាយើងគិតអំពីគុណតម្លៃផ្នែកអាហារវិញ ទឹកមិនផ្តល់ថាមពលជាកាឡូរីដូចស្ករ (ទឹកស្ករ កាហ្វេក្តៅដាក់ស្ករ….) ឡើយ ហេតុនេះវារឹតតែមិនសមទាល់តែសោះថាទឹក ឬទោះជាទឹកត្រជាក់ក៏ដោយអាចធ្វើឲ្យធាត់។ ទឹកត្រជាក់ឬទឹកកកត្រូវបានគេដឹងថាអាចធ្វើឲ្យមានការកើនស្លេស្ម ហេតុនេះទើបគេតែងតែហាមមិនឲ្យផឹកទឹកត្រជាក់ពេលផ្តាសាយ ឬក្អក៕

ប្រភព៖ www.hellokrupet.com