ព័ត៌មានជាតិ

ក្រសួងបរិស្ថាន កំពុងតាមចាប់ខ្លួនអ្នកកាន់កាប់ទន្ទ្រានដីរដ្ឋនៅខេត្តមណ្ឌល់គិរីដោយខុសច្បាប់ដោយមិនលើកលែង

image

មណ្ឌលគិរី៖ ក្រសួងបរិស្ថាន កំពុងធ្វើការស៊ើបអង្កេតស្វែងរកមុខជនខិលខូច ដែល បានបោះ បង្គោលទន្ទ្រានយកដីរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដោយមិនលើកលែង បន្ទាប់ពីមានជនល្មើសមួយចំនួន បានទៅបោះបង្គោលច្រើនលើកច្រើនសារួចមក។

រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក នេត្រ ភក្ត្រា ក្នុងពេលចុះទៅស្វែងយល់អំពីការអនុវត្ត គម្រោង រេដបូក នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ បានឃើញដោយផ្ទាល់នូវបង្គោលក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅចំណុចភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ហើយលោក បានលើកឡើងថា ក្រសួងបរិស្ថាន បានខិតខំពង្រឹង វិធានការច្បាប់ ដើម្បីការពារតំបន់ការពារធម្មជាតិ និងអភិរក្សធនធានធម្មជាតិ (ព្រៃឈើ សត្វព្រៃ និងសម្បត្តិធម្មជាតិ ផ្សេងៗទៀត) ដើម្បីជាផលប្រយោជន៍រួមសម្រាប់មនុស្សជាតិ។

លោកថា កន្លងមក បើទោះជាក្រសួង ខិតខំទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការទន្ទ្រានដី រដ្ឋ ក៏នៅមានជនខិលខូចមួយចំនួន បានឆ្លៀតឱកាសលួចបោះបង្គោលរបង ដើម្បីទន្ទ្រានកាន់ កាប់ដីរដ្ឋ និងដីតំបន់ការពារ ដោយខុសច្បាប់ផងដែរ ដែលករណីនេះ ក្រសួង នឹងចាត់វិធានការ ផ្លូវច្បាប់ លើជនទាំងនោះដោយមិនលើកលែង ឡើយ ។

ទន្ទឹមនឹងនោះលោក នេត្រ ភក្ត្រា បានស្នើឱ្យដល់ជនល្មើស ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នោះ ដោយសារជាសកម្មភាពខុសច្បាប់ ហើយបើនៅតែបន្តល្មើសទៀត នឹងអនុវត្តច្បាប់ដោយមិនលើកលែងឡើយ។

សូមបញ្ជាក់ថា រយៈពេល ៩ខែឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះល្បាតក្នុងតំបន់ការពារធម្មជាតិចំនួន២៩៩៥លើក ដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១៥២៨ករណី ដែលក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៨៤ករណី ពិន័យអន្តរការណ៍ចំនួន ២៦ករណី រឹបអូសរណាយន្តបានចំនួន ៣៦៤គ្រឿង ចាប់ឃាត់រថយន្តបានចំនួន ៣៤គ្រឿង ដោះអន្ទាក់ចម្រុះ សរុបចំនួន ២៩៥៧ខ្សែ។

ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់លើ ផ្ទៃដីចំនួន ២៩២.៦៩០ហិកតា ស្ថិតនៅតាមបណ្តោយជើងភ្នំអាណា ម៉ាយណ៍ និងមានទីតាំងនៅភាគខាងកើត ប្រទេសកម្ពុជា ក្នុងនោះមួយ ផ្នែកធំស្ថិត នៅក្នុងស្រុកកែវសីមា ក្រុងសែនមនោរម្យ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី និង មួយ ផ្នែកតូច ស្ថិងក្នុងស្រុកស្នួល ខេត្តក្រចេះ បង្កើតឡើងដោយអនុក្រឹត្យ នៃរដ្ឋាភិបាល កាលពីឆ្នាំ ២០១៦។

នៅក្នុងការគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះ មន្ទីរបរិស្ថាន មានមន្ត្រីឧទ្យានុរក្សសរុបចំនួន ១០៤នាក់ ដែលចំនួននេះនៅមិនទាន់ឆ្លើយតបនៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារ។ ទោះយ៉ាងណាក៏ដោយមន្ត្រីឧទ្យានុរក្សបានរៀបចំវិធីសាស្ត្រល្បាត ដោយក្នុងនោះមានទាំងវិធីសាស្ត្រថ្មើរជើង ម៉ូតូ និងរថយន្ត និងមានការប្រមូលទិន្នន័យព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដោយមានកាគាំទ្របច្ចេកទេសពីអង្គការដៃគូដូចជាអង្គការសមាគមអភិរក្សសត្វព្រៃ WCS ជាដើម។ ការចុះល្បាតក៏មានការសហការចូលរួមពីកម្លាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងប្រជាសហគមន៍តំបន់ការពារធម្មជាតិចូលរួមសហកាដើម្បីប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបទល្មើស៕
ដោយ៖ គង់ ប៊ុនណា



ព័ត៌មានទាក់ទង...