ព័ត៌មានជាតិ

ទីបំផុត កម្ពុជា មានសហព័ន្ធចម្លាក់ប្រាក់ និងស្ពាន់ ជាផ្លូវការហើយ ខណៈក្រុមប្រឹក្សាភិបាលអាណត្តិទី១ ត្រូវបានបោះឆ្នោតជ្រើសរើស

image

កណ្តាល៖ ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់ បម្រើឱ្យការទាក់ទាញពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌, ក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា អាណត្តិទី១ សម្រាប់ដឹកនាំ និងគ្រប់គ្រងមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ដែលនឹងបង្កើតនាពេលខាងមុខ។

ការបោះឆ្នោត បានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែតុលា ក្រោមវត្តមានលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមនឹងសហគមន៍ចម្លាក់ប្រាក់-ស្ពាន់ ឃុំកោះចិន និងឃុំកំពង់ហ្លួង។

នៅក្នុងពិធីបោះឆ្នោតនោះ មានបេក្ខភាពឈរឈ្មោះចំនួន ១២រូប (ស្ត្រី ០៦រូប)។
ការបោះឆ្នោតទទួលបានលទ្ធផលដូចខាងក្រោម៖

១- លោក លី ណុប ក្លាយជាប្រធានសហព័ន្ធ ដោយសំឡេងគាំទ្រ ៧៦/៩៩ ស្មើនឹង ៧៦%
២- លោកស្រី ជីវ ឡេងហួង ជាអនុប្រធានទី១
៣- លោកស្រី ដេន ម៉ាស់ ជាអនុប្រធានទី២

លោក លី ណុប ដែលទើបក្លាយជាប្រធានសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា អាណត្តិទី១ បានសន្យាថា នឹងជំរុញវិស័យនេះ ឱ្យកាន់តែមានការអភិវឌ្ឍទៅមុខបន្ថែមទៀត ជាពិសេសការស្វែងរកទីផ្សារ។
ថ្លែងក្នុងពិធីនោះដែរ លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានផ្តាំផ្ញើដល់ក្បាលម៉ាស៊ីនរបស់សហព័ន្ធដែលទើបជាប់ឆ្នោតថ្មី ត្រូវរៀបចំបង្កើតជាលក្ខន្តិកៈ កសាងផែនការ និងទិសដៅការងារស្វែងរកដៃគូ (អ្នកទិញ) ធ្វើការអភិវឌ្ឍមជ្ឈមណ្ឌល មានរបបប្រជុំឱ្យបានទៀងទាត់ និងត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងស្វែងរកប្រភពថវិកាសម្រាប់ដំណើរការសហព័ន្ធ និងមជ្ឈមណ្ឌល និងត្រូវមានសាមគ្គីភាពផ្ទៃក្នុង។

ក្នុងនោះដែរ លោក ក៏បានជំរុញឱ្យនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ជួយសម្របសម្រួល ក្នុងការសរសេរលក្ខន្តិកៈ ការចុះបញ្ជីម៉ាក និងសម្របសម្រួលក្នុងការបង្កើតមជ្ឈមណ្ឌលផងដែរ៕



ព័ត៌មានទាក់ទង...