ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍ បញ្ជាទៅដល់មន្រ្តីនៅតាមច្រកព្រំដែនទាំងអស់ ត្រូវបង្កើនការគ្រប់គ្រងពលរដ្ឋឆ្លងដែនដោយខុសច្បាប់

image

អត្ថបទ៖ឃឹម វិសាល
ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាទៅដល់មន្រ្តីនៅតាមច្រកព្រំដែនទាំងអស់ ត្រូវបង្កើនការគ្រប់គ្រងពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមច្រកទ្វារព្រំដែន និងទប់ស្កាត់ការចំណាកស្រុកដោយខុសច្បាប់ ជៀសផុតពីជំងឺឆ្លងកូវីដ១៩ ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនគរបាលអន្តោប្រវេសន៍ ក៏បានណែនាំទៅដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបង្កើន កិច្ចសហការជាមួយមន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីបម្រើសេវាសាធារណៈ ជូនភ្ញៀវជាតិ និងអន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេស ត្រូវបង្កើនកិច្ចការងារគ្រប់គ្រងជនអន្តោប្រវេសន៍ឆ្លងដែនដោយខុសច្បាប់ និងពលរដ្ឋខ្មែរ លួចឆ្លងដោយខុសច្បាប់ ជាពិសេសទៅប្រទេសថៃ ខណៈរាជរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសស្ថិតនៅក្នុងគ្រាអាសន្នមួយខែបន្ថែមទៀត។

ការណែនាំបែបនេះ ធ្វើបន្ទាប់ពីពិនិត្យឃើញថា បើទោះបីជាជំងឺកូវីដ១៩ នៅតែបន្តរាតត្បាតជាសកល ប៉ុន្តែពលករខ្មែរនៅតែព្យាយាមឆ្លងដែនខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កើតមានជារៀងរាល់ថ្ងៃ ដោយសារតែកត្តាជីវភាព និងតាមការអូសទាញពីសំណាកមេខ្យល់ ដើម្បីចេញទៅធ្វើការងារ ខណៈក្នុងខែកញ្ញា កន្លងទៅនេះ ភាគីថៃ បានចាប់បញ្ជូនត្រឡប់មកវិញ ចំនួន ៣៦ លើក ស្មើនឹង ៩៩៥ នាក់ ក្នុងនោះស្រី ១៦៩ នាក់និងកុមារ ៦០ នាក់។

យោងតាមរបាយការណ៍ ក៏បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មានពលរដ្ឋខ្មែរ ចេញទៅក្រៅប្រទេស មានចំនួនជិត ១ ម៉ឺន នាក់ ក្នុងនោះ ចេញជាលក្ខណៈអន្តរជាតិ ជាង ៧ពាន់នាក់ និងជាលក្ខណៈតំបន់ព្រំដែនជាង ២ពាន់នាក់ ខណៈពលរដ្ឋខ្មែរដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា មានចំនួន ជិត ៨ ពាន់នាក់៕