វីដេអូព័ត៌មានជាតិ

ឧត្តមសេនីយ៍យោធាពាក់ផ្កាយ៣ ល្បីរឿងអាស្រូវឈ្មោះ ណូន រ៉ន ជេរម្រាយ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ យ៉ាងពិរោះរណ្តំ

image

កំពង់ស្ពឺៈ ឧត្តមសេនីយ៍យោធាពាក់ផ្កាយ៣ សម្តីយកមេឃទ្រាប់អង្គុយម្នាក់នោះ ត្រូវបានមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ រិះគន់គ្រប់ៗគ្នាថា គ្មានសុជីវធម៌សោះ មានឋាន្តនរស័ក្តិពាក់ផ្កាយរហូតដល់ទៅ៣ នៅលើស្មាទៅហើយនោះ បែរជាមកស្រែកជេរប្រមាថមន្ត្រីជំនាញ និងប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ ម៉ាចាស់ដៃ ខណៈមន្ត្រីជំនាញចុះទៅពិនិត្យក្រុមឈ្មួញរកស៊ីជីកកាយអាចម៍ដីលក់ មិនបានសុំច្បាប់ទម្លាប់ ហើយត្រូវបានលោកផ្កាយ៣រូបនោះ កាងនៅពីក្រោយខ្នងមិនគោរពច្បាប់បន្តិចសោះ យកច្បាប់ព្រៃ និងអំណាចរបស់ខ្លួនមកគំរាមមន្ត្រីជំនាញ ដូចជារូបវីឌីអូបានបង្ហាញស្រាប់ ។

លោក ផាន់ ឧត្តម អាយុ២៦ឆ្នាំ ជាមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ រស់នៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានអោយដឹងថា កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅ គណៈបញ្ជាការឯកភាពស្រុកសំរោង បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលដំណាំស្រែស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីចុះពិនិត្យរួចហើយ កម្លាំងចម្រុះក៏ប្រទះឃើញមានក្រុមឈ្មួញមួយក្រុម ដែលរកស៊ីជីកកាយអាចម៍ដីលក់ ដោយសង្ស័យមិនបានសុំច្បាប់ទម្លាប់ ក៏ទូរស័ព្ទទៅខាងមន្ត្រីជំនាញរ៉ែ និងថាមពល អោយទៅពិនិត្យ និងសួរនាំរឿងជីកកាយមានច្បាប់ទម្លាប់ដែលឬទេ?។

លោកបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចហើយ លោករួមជាមួយនឹងមន្ត្រីចំនួន២នាក់ទៀត រួមដំណើររថយន្តមួយគ្រឿង បានចុះទៅសួរនាំតៃកុងរថយន្តដឹកដីនោះ ដោយនិយាយថា គ្រឿងចក្រ ដែលកំពុងជីកកាយយកអាចម៍ដីនោះ មានថៅកែឈ្មោះ លឹម ហេង ដែលរស់នៅម្តុំផ្សារព្រៃផ្តៅ ហើយការជីកកាយយកអាចម៍ដីនេះ ធ្វើឡើងនៅក្នុងភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីដដែលបន្តថា បន្ទាប់មក ពួកគាត់បានទូរស័ព្ទទៅលោក លឹម ហេង ដើម្បីសួរនាំ និងណែនាំអោយសុំច្បាប់ទម្លាប់ត្រឹមត្រូវតាមច្បាប់កំណត់ និងបង់ស៊ុយសារចូលរដ្ឋ ហើយលោក លឹម ហេង បានណាត់ក្រុមការងារទៅជួបនៅមុខបន្ទាយទាហានទន្លេរកន្ទិល ក៏ស្រាប់តែលេចមុខលោកផ្កាយ៣ម្នាក់ អតីតបម្រើការងារនៅបន្ទាយទន្លេរកន្ទិលនេះ បច្ចុប្បន្នទៅបម្រើការងារនៅអគ្គហើយ មកអះអាងកាងស្រែកឡូឡា ជេរប្រមាថមន្ត្រីរ៉ែ និងថាមពលខេត្ត។

មិនតែប៉ុណ្ណោះ លោកផ្កាយ៣រូបនេះ ក៏បានជេរប្រមាថទាំងលោកប្រធានមន្ទីររ៉ែ និងថាមពល នូវពាក្យអសុរសថែមទៀត មិនអាចទទួលយកបាននៅមុខមន្ត្រីក្រោមឱវាទរបស់លោកផ្កាយ៣នោះ និងមុខមហាជនអ្នកធ្វើដំណើរ ដែលធ្វើឲ្យគេនាំគ្នារិះគន់ថា មានបុណ្យស័ក្ត័ធំរហូតដល់ពាក់ផ្កាយ៣ លើស្មារទៅហើយនោះ គ្រាន់តែជំនាញមកសួរនាំរឿងជីកកាយដីមានច្បាប់ទម្លាប់ដែរឬអត់ ហេតុអ្វីអាងអំណាចរបស់ខ្លួនជេរប្រមាថ មាក់ងាយមន្ត្រីតូចតាចជាងខ្លួនបែបនេះ។

ដោយឡែក ប្រជាពលរដ្ឋម្នាក់ មានមុខរបរជាអ្នកប្រមូលសំរាម បាននិយាយឲ្យដឹងថា កន្លងមក លោកផ្កាយ៣រូបនោះ ធ្លាប់គោះស្រាបៀរលោកចំនួន១០កេស យកទៅជប់លៀងក្នុងកម្មវិធីមួយ ប៉ុន្តែលោកគ្មានលទ្ធភាពអោយស្រាប់តែលោកផ្កាយ៣ ខឹងកៀងគរប្រមូលប្រជាពលរដ្ឋផ្តិតមេដៃថា កន្លែងចាក់សំរាមរបស់លោកប៉ះពាល់បរិស្ថានទៅវិញ ធ្វើឲ្យលោកខកខានខាតដំណើរការអាជីវកម្មប្រមូលសំរាមមួយរយៈពេលទៅ ៕ អត្ថបទ ៖ សុភា

ព័ត៌មានទាក់ទង...