ក្រុមរថយន្តយីឌុបដឹកអាចម៌ដីបំផ្លាញផ្លូវនៅ ខណ្ឌពោធិសែនជ័យ បង្កការរំខានដល់ការរស់នៅរបស់ពលរដ្ឋ ខណៈអាជ្ញាធរថាខ្លួនមិនហ៊ានប៉ះព្រោះខ្នងធំ
| វីដេអូព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សកម្មភាពឈ្មួញ១ក្រុម ដែលប្រកបមុខរបរជីកដីលក់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមាន ឈ្មោះ ហេង សម្បត្តិ អក្សរកាត់នៅតាមឡាន ( S H ) បានពពាក់ពពូន ប្រើរថយន្តខ្នាតធំ ដឹកដីចេញពីភូមិបឹងកំបោរ សង្កាត់ឪឡោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាត់តាមផ្លូវបេតុង វត្តអង្គស្តុក បន្តមកភូមិស័កយុត្ត រហូតមកដល់ទល់មុខវត្ត ភ្នៀតសម្ពលី ក្នុងសង្កាត់ស្នោ ដែលក្នុងគំរោងគេ ចាក់បំពេញផ្ទៃដីជាង ១០០ ហិកតា ។

ប្រជាជននៅភូមិស័កយុត្ត បាននិយាយប្រាប់ក្រុមការងារយើងអោយដឹងថា ឡានដឹកដី កាត់តាមភូមិរបស់គាត់ រាប់ខែមកហើយ តាំងពីផ្លូវគ្រួសក្រហមព្រិល មកជាផ្លូវបែកមាំ រីឯផ្លូវបេតុងត្រូវបែកស្រុតខូចធ្ងន់ធ្ងរ និងពេលខ្លះបានបើកទាក់ខ្សែភ្លើងពួកគាត់ដាច់ធ្លាក់ មិនមានអ្នកចេញមុខ សងសំណង នេះសំណាងល្អមិនឆក់ប្រជាជនស្លាប់ ។ ការធ្វើខូចផ្លូវនេះគឺដោយរថយន្តដឹកដីខ្នាតយក្ស ធ្ងន់ ដឹកដីលើសទ្រុងបង្កអោយអាចម៌ដីធ្លាក់លើផ្លូវកើតជាជង្ហុកតូចធំ ហើយកន្លងទៅក្រុមរថយន្តទាំងនោះក៏ធ្លាប់ក្រឡាប់លើផ្លូវលំកណ្តាលភូមិ តែមិនមានអ្នកគ្រោះថ្នាក់ដល់ជីវិត ។

ប្រជាជនភូមិទាំងពីរ មានភូមិស័កយុត្ត និង ភូមិបឹងកំបោរ បានថ្នូញត្អែរពីការលំបាកក្នុងការធ្វើដំណើរ ផ្លូវលំតូច ចង្អៀត សឹងរកជៀសគ្នាមិនបានផង មកទទួលអំរែក ឡានដឹកដីធំ ៗ បើកប្រជ្រៀតជាមួយគាត់ កូនសិស្ស អ្នកធ្វើដំណើរផ្សេងៗ ។ ពួកគាត់ថា ពេលខ្លះការជៀសគ្នា ធ្លាក់ប្រឡាយ រឺធ្លាក់ផ្លូវបេតុង ជាដើម បើមិនចឹងខ្លាច មានឧបទ្ទវហេតុអាក្រក់ណា១ នោះ គឺជីវិត មិនមានលក់នៅទីផ្សារទេ ។

មន្រ្តីរាជការ ក៏ដូចក្រុមអ្នករកស៊ីជីកដីលក់ បាននិយាយថា កាលជំនាន់លោក ប៉ា សុជាតិវង្ស ជាអភិបាលរាជធានីភ្នំពេញ និង ក្រសួងពាក់ព័ន្ធ បានប្រកាសមិនអោយមានវត្តមានជីករណ្តៅដីនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនោះទេ ។ មួយវិញទៀតការដឹកដី របស់គេ មិនស្របទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស ហើយរណ្តៅដែលជីកនោះក៏គ្មានច្បាប់របស់ក្រសួងរ៉ែ និង ថាមពល ផងដែរ តែមិនដឹកមិច បានគេអាចប្រកបការងារនេះបានទៅដោយរលូន រឺ ១ អោយតែលោកធំ មិនហ៊ានប៉ះ បើភាសាសាមញ្ញ គេហៅថា ចានគេ ចានយើង ។

ទាក់ទងនិងសកម្មភាពនេះដែរ លោក ហេង សម្បត្តិ ដែលជាម្ចាស់ក្រុមហ៊ុន គ្រឿងចក្រដឹកដីនោះ មិនទាន់សូមការបំភ្លឺបានទេ ដោយកន្លងមកលោកមិនឆ្លើយនិងសំនួរទេ តែលោកបង្វែរអោយទៅសួរអ្នកផ្សេងទៀតតាមលេខដែលលោកផ្តល់អោយ តែជាច្រើនថ្ងៃមកហើយម្ចាស់លេខនោះក៏មិនបានឆ្លើយនិងសំនួរដែលក្រុមការងារយើងសាកសួរនៅឡើយ ។

ដោយឡែក លោក ម៉ែន សំអាង មន្រ្តីខណ្ឌពោធិសែនជ័យដែលទទួលការងាររណ្តៅដី និងការចាក់បំពេញដីនៅតំបន់នោះ និងជាអ្នកមើលការខុសត្រូវកងសណ្តាប់ធ្នាប់ខណ្ឌ ថាសកម្មភាពនេះគឺគេខ្សែធំ ខ្សែមេៗ លោកមិនហ៊ានប៉ះនោះទេ ។

គួររំលឹកថា កន្លងទៅសម្តេចតេជោ ហ៊ុន សែន ស្នើសុំដល់ប្រជាពលរដ្ឋ ទាំងអស់ សូមកុំខឹង គោ វ៉ៃរទេះ មិនត្រូវទេ ។ ទុកពេលអោយសម្តេច ធ្វើការជាមួយមន្រ្តី គ្រាប់ល្ពៅ ប្រភេទ ១ ប្រភេទ ២ បន្តិច សិន ។ ហើយសម្តេចក៏បានព្រមានមន្ត្រីទាំងអស់ត្រូវតែដឹងសុខទុក្ខរបស់រាស្រ្ត ដោះស្រាយជូនរាស្រ្ត ជៀសវាងការធ្វើអោយពួកគាត់ថ្នាំងថ្នាក់ ៕ អត្ថបទ ៖ សុភា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation