វីដេអូព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុំ​ រាត្រី​ ដឹកនាំមន្ត្រីរាជការ​បរិភោគសាច់ជ្រូកសុវត្ថិភាព ដេីម្បីបញ្ជាក់ច្បាស់ថា មិនមានករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក​

image

បន្ទាយមានជ័យ​ ៖​ ដេីម្បីធ្វេីការបញ្ជាក់ឲ្យកាន់តែច្បាស់ថា​ ជំងឺប៉េស្តជ្រូកអាហ្វ្រិក​ មិនឆ្លងមកដល់មនុស្ស​ទេ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ ទូរទាំងខេត្ត​បន្ទាយមានជ័យ​ ដឹកនាំដោយឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ និងលោកជំទាវ​ ជ័យ​ ណារី​ អ៊ុំ​រាត្រី​ បានអញ្ជេីញពិសាសាច់ជ្រូកសុវត្ថិភាព​ ដែលធ្វេីឡេីងនៅមុខផ្សារចំការគ​ (ផ្សារថ្មី​)​ ស្ថិតនៅភូមិ២​ សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​ នាព្រឹកថ្ងៃទី​១៣​ ខែសី​ហា​ ឆ្នាំ​២០១៩​ ។ 

 លោក​ ប៉ាង​ វណ្ណសេដ្ឋ​ ប្រធានមន្ទីកសិកម្ម​ រុក្ខាប្រមាញ់​ និង នេសាទខេត្តបន្ទាយមានជ័យបានមានឲ្យដឹកថាដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអំពាវនាវដល់ប្រជាពលរដ្ឋអាចពិសាសាច់ជ្រូកវិញ ព្រោះជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងមកមនុស្សបានទេ​ បេីទោះជាយើងបរិភោគ ក៏មិនឆ្លង ឫប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។​ 

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ក្រោយពេលដែលជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរាលដាលនៅប្រទេសភាគខាងកើត ហើយបណ្តាលឆ្លងមកកម្ពុជានៅខេត្តមួយចំនួនជាប់ព្រំដែនខាងកើតក៏ដោយ​ តែខេត្តបន្ទាយមានជ័យមិនទាន់មានករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកកើតមាននៅឡើយទេ​ ហើយមន្ត្រីជំនាញក៏បានធ្វើការទប់ស្កាត់មិនឲ្យរាលដាលដល់ខេត្តបន្ទាយមានជ័យបានឡើយ​ ពីព្រោះមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់​មុននាំសត្វជ្រូកដែលនាំចូល។​

លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់បន្តថា ទោះជាខេត្តបន្ទាយមានជ័យមិនមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកក៏ដោយ។      

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​ បានដឹកនាំ មន្ត្រីជំនាញរៀបចំពិសាសាច់ជ្រូកសុវត្ថិភាពដែលត្រូវបានធ្វើជ្រូកចំនួន១០ក្បាល​  បានចម្អិន រៀបចំពិសារួមគ្នា​ កុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច​ និងព្រួយបារម្ភ​ និង១ក្បាលទៀតបានវ៉ៃត្រារបស់មន្ត្រីជំនាញដើម្បីណែនាំដល់អាជីវករនិងប្រជាពលរដ្ឋបានដឹង​ និងស្គាល់ជ្រូកដែលកាប់លក់តាមទីផ្សារគឺជ្រូកដែលធ្វើការត្រួតពិនិត្យពីមន្ត្រីជំនាញទើបឲ្យកាប់លក់តាមទីផ្សារបាន។

ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា​ ដោយទទួលបានអនុសាសន៍ដ៏ថ្កៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបរិភោគសាច់ជ្រូកបន្តទៀតជាធម្មតា ព្រោះមន្ត្រីជំនាញអះអាងហេីយថា ជំងឺប៉េស្តេជ្រូកអាហ្វ្រិកនេះមិនឆ្លងមកមនុស្សដែលបរិភោគសាច់ជ្រូកឡើយ​ ព្រោះជំងឺនេះឆ្លងពីសត្វជ្រូកទៅសត្វជ្រូកតែប៉ុណ្ណោះ។​ ដូច្នេះឯកឧត្តម​ អភិបាលខេត្ត​ បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ​ កុំឲ្យមានការព្រួយបារម្ភជំពោះជំងឺបេស្តជ្រូកអាហ្វ្រិក​នេះ​ ព្រោះមន្ត្រីក្រសួងជំនាញបានធ្វើការពិនិត្យហេីយ​ គឺជំងឺនេះឆ្លងពីសត្វជ្រូកទៅសត្វជ្រូកតែប៉ុណ្ណោះ​ មិនអាចឆ្លងមកមនុស្សឡើយ​ ដូច្នេះ​ហេីយសូមឲ្យបងប្អូនបន្តពិសាសាច់ជ្រូកដូចធម្មតា​៕​ដោយ៖ ប៊ុន ចាន់ថន