ព័ត៌មានជាតិ

អ្នកដំណើរដែលរងគ្រោះក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុង រិះគន់ក្រុមហ៊ុនវីរៈប៊ុនថាំ ថា ខ្វះការទទួលខុសត្រូវ

image

សៀមរាប៖ ក្រុមអ្នកដំណើរដែលជាជនរងគ្រោះនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងវីរៈប៊ុនថាំ នៅខេត្តសៀមរាប បានអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរកដំណោះស្រាយ បន្ទាន់ជូនពួកគាត់ផង ព្រោះថា គិតមកដល់រសៀល ថ្ងៃទី៣០ ខែកញ្ញា នេះ ជនរងគ្រោះទាំងអស់ នៅមិនទាន់ទទួលបានការសម្រប សម្រួលណាមួយពីសំណាក់ក្រុមហ៊ុនវីរៈប៊ុនថាំ និងខាងក្រុមហ៊ុន ធានារ៉ាប់រងនៅឡើយទេ។

ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តក្រុងវីរៈប៊ុនថាំ បានរៀបរាប់ពីហេតុការណ៏គ្រោះ ថ្នាក់នោះថា នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ពួកគាត់បានជិះរថយន្តក្រុងពេលយប់របស់ក្រុមហ៊ុន ដឹកអ្នកដំណើរវីរៈប៊ុនថាំ ក្នុងទិសដៅ ពីខេត្តសៀមរាប ឆ្ពោះទៅកាន់ រាជធានីភ្នំពេញ។ជនរងគ្រោះបន្តថា បន្ទាប់ពីរថយន្តក្រុង ចេញពីទីរួមខេត្ត សៀមរាប បានប្រហែល៣០គីឡូ មកស្រុកសូត្រនិគម នៅវេលាម៉ោង ០៨និង៤៥នាទីយប់ ស្រាប់តែរថយន្តនេះ បានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ ផ្ញារជើង បណ្តាលឱ្យអ្នកដំណើរដែល ជិះនៅក្នុងនោះព្រលឹងចុងសក់គ្រប់ៗគ្នា និងបង្ករជារបួស ធ្ងន់ស្រាល ជាច្រើននាក់។

ស្ត្រីជាជនរងគ្រោះមួយរូប ដែលបានរងរបួសជើង និងហើមថ្គាម ហារមាត់សឹងមិនចង់កើតនោះ បានឱ្យ ដឹងថា បន្ទាប់ពីកើតមានហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនោះ ក្រុមហ៊ុនខាងលើបាន បញ្ចុះបញ្ចូល ឱ្យជនរងគ្រោះទាំងអស់ឡើងជិះរថយន្តក្រុងសាងមួយគ្រឿងទៀត ជិះបន្តទៅរាជធានីភ្នំពេញ តែក្នុងចំណោម នោះមានជនរងគ្រោះជិត២០នាក់មិនព្រមឡើងជិះតាមការរៀបចំរបស់ក្រុមហ៊ុនទេ ព្រោះ ហេតុការណ៍ គ្រោះថ្នាក់ក្រឡាប់រថយន្តដែលពួកគាត់បានជួបប្រទះនៅតែដិតជាប់អារម្មណ៍របស់ពួកគាត់នៅឡើយ ហើយទាមទារឱ្យក្រុមហ៊ុនខាងលើដោះស្រាយនិងទូទាត់ថ្លៃព្យាបាលឱ្យបានសមរម្យជាមុនសិន។

ជាការឆ្លើយតបបុគ្គលិកក្រុមហ៊ុនដឹកអ្នកដំណើរវីរៈប៊ុនថាំ បានបញ្ជាក់ថា ចំពោះហេតុការណ៍នេះ ទុកឱ្យ ក្រុមហ៊ុនធានារ៉ាប់រងជាអ្នកទទួលបន្ទុកដោះស្រាយ ខណៈរថយន្តក្រុងដែលក្រឡាប់ខាងលើ ប្រើប្រាស់ សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុនកាំមិនកូ។

ជនរងគ្រោះខាងលើបញ្ជាក់ទៀតថា តាំងពីយប់មិញ ខាងក្រុមហ៊ុនធានារ៉ាប់រងសន្យាថា ស្អែកនឹងចុះ មកដោះស្រាយ ប៉ុន្តែរហូតមកដល់ម៉ោង ១២រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅមិនទាន់ មានបុគ្គលិក ក្រុមហ៊ុនធានារ៉ាប់រងខាងលើមួយរូបណាចេញមុខមកដោះស្រាយជូនរងគ្រោះនៅឡើយទេ ខណៈដែល រថយន្តក្រុងដែលក្រឡាប់នោះ ត្រូវបានក្រុមហ៊ុនដឹកអ្នកដំណើរវីរៈប៊ុនថាំ ស្ទូចចេញពីទីតាំងកើតហេតុបាត់ ទៅហើយនោះ។អ្វីដែលក្រុមអ្នកដំណើរដែលជាជនរងគ្រោះរឹតតែហួសចិត្តនោះ គឺនៅពេលដែល ស្ទូចរថយន្តក្រុងដែលក្រឡាប់ចេញនោះ ខាងក្រុមហ៊ុនប្រុងនឹងយកអីវ៉ាន់របស់អ្នកដំណើរទាំងអស់នៅជា មួយ ប៉ុន្តែបន្ទាប់ពីមានការតវ៉ាខ្លាំងទើបក្រុមហ៊ុនព្រមប្រគល់អីវ៉ាន់និងវ៉ាលិសឱ្យមកពួកគាត់វិញ។

ជាចម្ងល់ ជនរងគ្រោះ បានចោទសួរថា តើរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ នេះ ពិតជាបានទិញធានារ៉ាប់រងពិតប្រាកដឬយ៉ាងណា? ឬគ្រាន់តែបិទផ្លាកធានារ៉ាប់រងឱ្យតែមានៗ? ឬក៏ជាកំហុសរបស់ ក្រុមហ៊ុនធានារ៉ាប់រង ដែលមានភាពយឹតយ៉ាវក្នុងការដោះស្រាយ? ៕