មហោស្រពប្រឡងចម្រៀងខ្មែរសកលលើកទី៥ ឆ្នាំនេះ នឹងបើកដំណើរការប្រឡងនៅថ្ងៃទី១៦ ខែតុលា នៅសាលសន្នសីទចតុម្មុខ
ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំព្រះវិហារនៃទីស្តីការក្រសួង ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងរៀបចំមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥ ឆ្នាំ២០១៩ បានបើកិច្ចប្រជុំមួយក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីត្រួតពិនិត្យការងារទូទៅរបស់អនុគណៈកម្មការនានាចំណុះលេខាធិការដ្ឋានដែលបានរៀបចំកន្លងមកសម្រាប់បម្រើឲ្យមហោស្រពប្រឡងចម្រៀងខ្មែរជាសកល។
សូមបញ្ជាក់ថា មហោស្រពប្រឡងចម្រៀងខ្មែរជាសកលលើកទី៥ ឆ្នាំ២០១៩នេះ នឹងបើកដំណើរការប្រឡងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅសាលសន្នសីទចតុម្មុខ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការអន្តរក្រសួង។
ដោយឡែកការប្រឡងជម្រុះនឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលសន្និសីទចតុម្មុខ ដែលមានបេក្ខជនក្នុងប្រទេសចូលរួមប្រកួតចំនួន១០០រូប និងបេក្ខជនខ្មែរនៅបរទេសចំនួន២៧ រូប៕