ក្រសួងធនធានទឹក និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៩ ក្រសួងធនធានទឹកនិងឧតុនិយម និង រដ្ឋបាលខេត្តកំពង់ឆ្នាំងបានធ្វើការផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុកលើការងារអនុវត្តស្រូវប្រាំងឆ្នាំ២០១៩.២០២០ ដល់មន្ត្រីអាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲដឹងថា កន្លងទៅនេះសម្រាប់ខេត្តកំពង់ឆ្នាំង បញ្ហាកង្វះទឹកកើតមានតិចតួចដោយកន្លែងប៉ុណ្ណោះ និង មិនមានស្រូវខូចខាតនោះទេដោយសារមានការចុះអន្តរាគមន៍បានទាន់ពេលវេលា ។
អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់ក្រសួងធនធានទឹក និងឧតុនិយមផងដែរ ដែលបានជួយផ្តល់ជាម៉ាស៊ីនបូមទឹកនិងប្រេង សម្រាប់ជួយអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវ របស់ប្រជាពលរដ្ឋ នៅតាមកន្លែងដែលខ្វះទឹកនាពេលកន្លងមក ។
ឯកឧត្តម ប៉ុញ សច្ចះ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ដោយលើកឡើងថា ការប្រែប្រួលអាកាសធាតុ ជាប្រធានបទមួយដ៏សំខាន់សម្រាប់ពិភពលោកទាំងមូល ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ ពិសេសលើបញ្ហាសន្តិសុខទឹក ជាក់ស្តែងចាប់ពីបច្ចុប្បន្នរហូតដល់ពេលមានភ្លៀងធ្លាក់សារជាថ្មីនៅក្នុងឆ្នាំ២០២០ខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការ បានជម្រុញឲ្យមន្ត្រីពាក់ព័ន្ធនិងមន្ត្រីអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ជ្រួតជ្រៀប និងទូលំទូលាយពីសារៈសំខាន់របស់ទឹក ក្នុងន័យធ្វើយ៉ាងចូលរួមគ្រប់គ្រង និង ថែរក្សាទឹកឲ្យបានល្អ ៕ ដោយ៖ហឹង ចូច