គ្រោះថ្នាក់ការងាររបស់កម្មករនិយោជិតជាង ៤៩% គឺគ្រោះថ្នាក់នៅពេលធ្វើដំណើរ
ភ្នំពេញ៖ ជាង៤៩ភាគរយ នៃកម្មករនិយោជិតដែលរងគ្រោះដោយសារហានិភ័យការងារដែលបានរាយការណ៍គឺ ជាគ្រោះថ្នាក់ពេលធ្វើដំណើរ(គ្រោះថ្នាក់ចរាចរណ៍)។ ក្នុងចំណោមកម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ ប្រមាណពាក់កណ្តាលនៃពួកគេជាកម្មករនិយោជិត ដែលបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។ នេះបើយោងតាមរបាយការណ៍ស្តីពី លទ្ធផលការងារសម្រេចបាននៅក្នុងឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់បេឡាជាតិសនិ្តសុខសង្គម(ប.ស.ស)។
របាយការណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ទោះប្រទេសកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យលំហូរចរាចរណ៍នៅលើដងផ្លូវមានការថយចុះក៏ដោយ គិតជាមធ្យមមានកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងដែលធ្វើដំណើរទៅមកបំពេញការងារប្រមាណ ២០៩នាក់ ទទួលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុង១ខែៗ។ ក្នុងករណីជាច្រើនកម្មករនិយោជិតដែលរងគ្រោះ ត្រូវសម្រាកថែទាំនៅមន្ទីរពេទ្យ និងផ្ទះរបស់ខ្លួនជាច្រើនថ្ងៃច្រើនខែ ហើយខ្លះទៀតត្រូវធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពបំពេញការងារសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ហើយតម្រូវឱ្យឪពុកម្តាយ ឬបងប្អូនសាច់ញាតិត្រូវទទួលបន្ទុកនៅមើលថែទាំជាប្រចាំ។
ទោះបីជាករណីគ្រោះថ្នាក់ភាគច្រើនកើតមានឡើងលើកម្មករដែលធ្វើដំណើរតាមយានយន្តផ្ទាល់ខ្លួន កម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្តដឹកកម្មកររួមនៅតែបន្តទទួលរងគ្រោះនៅពេលធ្វើដំណើរទៅមកបំពេញការងារ។ គិតជាមធ្យមក្នុងមួយខែៗ មានករណីគ្រោះថ្នាក់លើរថយន្តដឹកកម្មកររួមបែបនេះយ៉ាងតិចណាស់ក៏មួយករណីដែរ និងបណ្តាលឱ្យកម្មករនិយោជិតរងរបួសធ្ងន់ស្រាលជាច្រើនសិបនាក់ក្នុងករណីនីមួយៗ(ករណីខ្លះរហូតដល់ស្លាប់ ឬពិការជាច្រើននាក់)។ ជាក់ស្តែងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើរថយន្តដឹកកម្មករនិយោជិតនៅក្នុងខេត្តកំពង់ស្ពឺ បានបណ្តាលឱ្យកម្មករនិយោជិតដែលបម្រើការងារឱ្យប្រមាណ ៣០នាក់ (ក្នុងនោះមានម្នាក់ជាស្ត្រីមានផ្ទៃពោះ) ទទួលរងរបួស ហើយក្នុងនោះមានកម្មករនិយោជិតចំនួន ៣នាក់ បានទទួលរងរបួសធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ក្នុងពេលធ្វើដំណើរទៅមកបំពេញការងារក្នុងឆ្នាំ២០១៩(ដោយមិនទាន់រាប់បញ្ចូលករណីកម្មករនិយោជិតក្នុងវិស័យនេះដែលស្លាប់ក្នុងការធ្វើដំណើរឯកជនផ្ទាល់ខ្លួន ព្រមទាំងកម្មករនិយោជិតក្នុងវិស័យផ្សេងទៀត) គឺស្ទើរតែស្មើនឹងចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងគ្រាប់មីន(នៅក្នុងឆ្នាំដូចគ្នា) បូកបញ្ចូលគ្នា។
ទាក់ទងនឹងបញ្ហានេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក៏ជាបញ្ហាប្រឈមដ៏ចំបងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងមួយសម្រាប់កម្មករនិយោជិត ជាពិសេសអ្នកដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលមានប្រមាណជាង ៨០០ ០០០នាក់។ ក្នុងចំណោមជនរគ្រោះចំនួន ២១៥២នាក់ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៩ ប្រមាណជិត ៣០ភាគរយ គឺជាកម្មករនិយោជិត។
ការនេះ វាពិតជាមានភាពចាំបាច់ណាស់ដែលត្រូវខិតខំធ្វើការរួមគ្នាឱ្យបានកាន់តែខ្លាំងថែមទៀតសំដៅឈានទៅបញ្ចប់សោកនាដកម្មនៅលើដងផ្លូវទាំងនេះ ព្រមទាំងផ្តល់នូវការការពារកាន់តែប្រសើរដល់កម្មករនិយោជិត ជាពិសេសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសលើឧស្សាហកម្មផ្នែកនាំចេញទៅក្រៅប្រទេស។
ក្នុងនាមអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា លោក គឹម បញ្ញា នាយក បានស្នើដល់ស្ថាប័នរាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យលទ្ធភាពណែនាំ និងកំណត់ឱ្យរោងចក្រសហគ្រាសនៅទូទាំងប្រទេសបង្កើត និងអនុវត្តគោលនយោបាយ ឬបញ្ជាផ្ទៃក្នុងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្រិតរោងចក្រ និងសកម្មភាពនានាឱ្យបានជាទៀងទាត់ និងផ្តល់ការគាំទ្របច្ចេកទេសសមស្របដល់រោងចក្រ សហគ្រាស ក្នុងការអនុវត្តនូវគោលនយោបាយ និងសកម្មភាពរបស់ពួកគេ។
លោក គឹម បញ្ញា បានចាត់ទុកការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ឬការពារកម្មករនិយោជិតដែលជាអ្នករួមចំណែកយ៉ាងសំខាន់(តាមរយៈការផ្តល់កម្លាំងពលកម្មនិងចំណូល) ចំពោះការរីកចម្រើនរបស់រោងចក្រ សហគ្រាស គ្រួសារ សហគមន៍ ដែលគាត់រស់នៅ និងសេដ្ឋកិច្ចជាតិផងពីគ្រោះថ្នាក់ចរាចរណ៍គឺ ជាការការពារការខាតបង់របស់រដ្ឋាភិបាល រោងចក្រ អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម និងសង្គមទាំងមូល៕




