ចាប់ខ្លួនអ្នកលក់ឡេម្នាក់ បន្ទាប់ពីឆបោកមនុស្ស៦នាក់តាមហ្វេសប៊ុក
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានប្រើឧបាយកលដោយធ្វើសម្មភាពបោកប្រាស់ ដោយប្រើលេខទូរស័ព្ទជាច្រើនខ្សែ ទំព័រហ្វេសប៊ុកចំនួន១ ឈ្មោះ C Ka Online និងគណនីហ្វេសប៊ុក ចំនួន៤គឺ យាយម៉ាប់ កាហ្វេ, ល្មៀត ខ្មែរ សុទ្ធ, Vyna Kamab, Oun Pich ដែលបានធ្វើការផ្សព្វផ្សាយ និងឃោសនា អូសទាញ ឆបោកប្រជាពលរដ្ឋថា ជាឡេខាត់ស្បែក ស្ក្រាប់ពន្លៃ ស្ក្រាប់បៃតង ស្រ្កាប់កាហ្វេទឹកឃ្មុំជាផលិតផលធម្មជាតិ។
ជនសង្ស័យឈ្មោះ ស.រ.ត ហៅ ស្រីកា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួន ដោយសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីឆបោកប្រាក់ពីប្រជាពលរដ្ឋ ចំនួន៦នាក់ (នៅខេត្តខេត្តបាត់ដំបង ២នាក់ ខេត្តមណ្ឌលគីរី ១នាក់ ខេត្តព្រះសីហនុ ១នាក់ ខេត្តស្ទឹងត្រែង ១នាក់ និងខេត្តព្រៃវែង ១នាក់) តាមបណ្តាញសង្គមហ្វេសប៊ុក។
បច្ចុប្បន្ន ជនសង្ស័យកំពុងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនោះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់បណ្តាញសង្គមបច្ចេកវិទ្យា សូមប្រើប្រាស់ដោយស្មារតី ប្រុងប្រយ័ត្នខ្ពស់ កុំឱ្យធ្លាក់ចូលក្នុងឧបាយកលជនបោកប្រាស់ ដែលបច្ចុប្បន្ននេះពួកជនឆ្លៀតឱកាសទាំងនោះកំពុងតែយកប្រព័ន្ធសង្គមបច្ចេកវិទ្យា ទៅធ្វើជាមធ្យោបាយប្រព្រឹត្តិអំពើទុច្ចរិត៕
ដោយ៖ គង់ ប៊ុនណា



