សង្គម

កម្ពុជា បញ្ជូននិស្សិតកសិកម្ម ជិត២០០នាក់ ទៅធ្វើកម្មសិក្សា ១១ខែ នៅប្រទេសអ៊ីស្រាអែល ដែលជាប្រទេសខ្លាំងផ្នែកកសិកម្ម

image


ភ្នំពេញ៖ នៅឆ្នាំ២០២០នេះ ប្រទេសកម្ពុជា នឹងបញ្ជូននិស្សិតផ្នែកកសិកម្ម ចំនួន១៩៩នាក់ ទៅធ្វើកម្មសិក្សារយ: ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២០ -២០២១ ជំនាន់ទី១៣ នៅប្រទេសអ៊ីស្រាអែល ដែលជាប្រទេសមានបច្ចេកទេសទំនើបផ្នែកកសិកម្ម។

លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យដឹងថា កម្មវិធីនិស្សិតហាត់ការនៅប្រទេសអ៊ីស្រាអែលនេះ គឺ សាកលវិទ្យាល័យ បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកកសិកម្ម តាំងពីឆ្នាំ២០០៨ មក ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តដល់និស្សិតសម្រាប់រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុ ១៣ឆ្នាំហើយ។

បើតាមលោក ង៉ោ ប៊ុនថាន បានឱ្យដឹងថា សរុបទាំង ១២ជំនាន់ សាកលវិទ្យាល័យ បានបញ្ជូននិស្សិតចំនួន ១ ២៧១នាក់។ ដោយឡែកឆ្នាំនេះ មាននិស្សិត ១៩៩នាក់ ក្នុងនោះ សាកលវិទ្យាល័យ បានបញ្ជូននិស្សិតចំនួន ១៦៨នាក់ វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម មាននស្សិត ២០នាក់ សាកលវិទ្យាល័យស្វាយរៀង មាននិស្សិត ៤នាក់ និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំមាននិស្សិត ៧នាក់។

ថ្លែងក្នុងពិធីជួបជុំជាមួយនិស្សិតដែលត្រូវចេញទៅធ្វើកម្មសិក្សានោះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជំរុញឱ្យនិស្សិតទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើទាំងបច្ចេកទេស និងការគ្រប់គ្រងដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន លើជំនាញបច្ចេកទេសទំនើប។

លោក វេង សាខុន បានលើកឡើងថា “ក្មួយៗត្រូវយកឱកាសដ៏ល្អនេះ ក្រេបជញ្ជក់យកទាំងចំណេះជំនាញ និងបទពិសោធន៍ ដើម្បីទុកជាទុនសម្រាប់អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាបុគ្គលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ឬអនុវត្តបច្ចេកវិទ្យាថ្មីៗនាពេលអនាគត”។

លោករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន Agrostudie ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចម្ការផ្ទាល់។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានអះអាងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មកម្ពុជា មានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះ គឺស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និន្នាការនៃសេចក្តីត្រូវការផលិតផលកសិកម្មប្រកបដោយដោយបរិមាណ និងគុណភាពនៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស៕