ព័ត៌មានជាតិ

រដ្ឋមន្ត្រីសាធារណការ ឆ្មក់ចុះឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ២៩គ្រឿងតាមបណ្ដោយផ្លូវជាតិលេខ៦០ នៅខេត្តកំពង់ចាម

image

កំពង់ចាម៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងកិច្ចប្រតិបត្តិការនោះ បានរកឃើញរថយន្តចំនួន ២៩គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ក្នុងនោះរថយន្តចំនួន ២៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី ៥ភាគរយ ទៅ ២០ភាគរយ និងរថយន្តចំនួន ៣គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០ភាគរយ។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង ២៩គ្រឿងនោះ រថយន្ត ២៦គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥ភាគរយ ទៅ ២០ភាគរយ ត្រូវរើឥវ៉ាន់ចេញ ហើយផាកពិន័យទៅតាមច្បាប់កំណត់។ ដោយឡែកចំពោះរថយន្ត ៣គ្រឿង ដែលដឹកលើសទម្ងន់លើសពី ២០ភាគរយ នឹងត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។ 

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងលេខ០៤៩ សជណ.សក.គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ដោយការរឹតបន្តឹងនោះ បានចាប់អនុវត្តពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ។

ទន្ទឹមនឹងការចាប់នោះ លោករដ្ឋមន្ត្រី បានពន្យល់ណែនាំដល់ម្ចាស់រថយន្តអំពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ស្ដីពីផ្លូវថ្នល់) និងសំណូមពរទៅក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ ចូលរួមសហការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងមហន្តរាយដល់ផ្លូវជាតិ (ឆាប់ខូចមុនអាយុកាល) និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕