កីឡា

គ្រូ Arsenal បន្ទោសថា ខ្សែប្រយុទ្ធ Pepe ជាអ្នកធ្វើឱ្យក្រុមទាំងមូលធ្លាក់ទម្រង់លេង

image


អង់គ្លេស៖ លោក Miel Arteta ឱ្យដឹងថា ខ្សែប្រយុទ្ធ Nicolas Pepe ជាអ្នកធ្វើឱ្យក្រុមទាំងមូលធ្លាក់ទម្រង់លេងពេល Arsenal ស្មើគ្នានឹង Leeds United ០-០ នៅ Premier League សប្តាហ៍ទី៩។

Pepe ទទួលបានកាតក្រហមនៅនាទីទី៥១ នៅពេលដែលកីឡាករបានអុកក្បាលនឹងខ្សែប្រយុទ្ធម៉ាសេដូនី Ezgjan Alioski ខណៈបាល់កំពុងតែលេងនៅកន្លែងផ្សេងគ្នា។ មានមតិជាច្រើនរិះគន់ដល់ទង្វើនេះ ថាជាទង្វើមិនគប្បីធ្វើនៅបាល់ទាត់សតវត្សរ៍ទី២១ទេ។

លោក Arteta បានលើកឡើងថា៖ “វាទទួលយកមិនបានទេ។ ខ្ញុំនិយាយជាមួយ Pepe ថា ចរិតបែបហ្នឹងទទួលយកមិនបានទេ។ យ៉ាងណាមិញ ខ្ញុំសរសើរស្មារតីរបស់កូនក្រុមទាំងមូលដែរ។ ពេល Pepe ធ្វើឱ្យពួកយើងអស់សង្ឃឹម ពួកគេសុខចិត្តឈឺចាប់ទាំងអស់គ្នា ហើយសាមគ្គីគ្នាកាន់តែខ្លាំង“។

កាតក្រហមនោះនឹងត្រូវព្យួរឈ្មោះ Pepe ពីការប្រកួតចំនួន ៣ ប្រកួតបន្ទាប់ មានដូចជាការប៉ះ Burnley, Wolves និង Tottenham។ ដោយឡែក Arsenal ដែលបញ្ចប់ការប្រកួតដោយស្មើនឹង Leeds ដោយគ្មានគ្រាប់បាល់ធ្វើឱ្យពួកគេនៅឈរលេខ១១ ខណៈ Leeds United ឈរនៅលេខ១៤ នៅតារាង Premier League៕