សង្គម

សមត្ថកិច្ចចុះបិទទីតាំងបិទស្រា និងលក់ស្រាស ៩កន្លែងឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៥នាក់ ក្រោយពីមានពុលស្រាជាង ១០០នាក់

image


កំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បានចុះបិទទីតាំងផលិតស្រា និងលក់ស្រាស ចំនួន៩កន្លែង និងឃាត់ខ្លួនមនុស្ស៥នាក់ យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយ
ពីមានអ្នកភូមិ ពុលជាង ១០០នាក់នៅក្នុងស្រុកទឹកផុស។

លោក អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី ២៨និងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដាក់បញ្ជាដល់មន្ត្រីនគរបាលជំនាញឲ្យសហការជាមួយមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរដែនដី បានចុះស្រាវជ្រាវសើបអង្កេតនិងធ្វើការប្រមូលវត្ថុតាងមួយចំនួន។

ក្នុងនោះមានស្រាសចំនួន ៧១កាន មេតំបែរកន្លះគីឡូក្រាម មេកាច់សម្រាប់បិទស្រា៦,៥លីត្រ ស្រាច្រកដបទឹកសុទ្ធចំនួន ១៨ដប បំផ្លាញចោលនៅនឹងកន្លែង មេកាច់សម្រាប់បិតស្រាចំនួន ២១ខាប់ និង១០
ធុងស្ប៉េត្រូ។ ក្នុងពេលនោះសមត្ថកិច្ចចម្រុះសម្រេចផ្អាកជាបណ្តោះអាសន្ន ទីតាំងផលិត និងលក់ស្រាចំនួន ៩កន្លែងផងដែរ។

លោក អៀរ ប៊ុនធឿន បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ចឃាត់ខ្លួនបុរសជាអ្នកបិតស្រាសម្នាក់បុរសអ្នកលក់ចំនួន ៤នាក់ និងស្ត្រីអ្នកលក់ម្នាក់យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីសង្ស័យពុលស្រាមានមេតាណុល នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានជនរងគ្រោះសរុបកើនឡើងដល់ចំនួន ១១៥នាក់ ក្នុងនោះមានអ្នកស្លាប់ ៥នាក់។

លោកវេជ្ជបណ្ឌិត បានបន្តថា អ្នកមានអាការ:សង្ស័យពុលស្រាស បានកំពុងទទួលព្យាបាល ហើយបច្ចុប្បន្នអ្នកជំងឺមានការវិវត្តន៍មកស្ថានភាពល្អប្រសើរឡើងវិញហើយ៕