ជប៉ុន អាចកសាងប្រទេសពីគំនរផេះផង់ក្លាយជាយក្សសេដ្ឋកិច្ច ក្រោមកត្ដាចម្បង៣យ៉ាង
វិភាគអន្តរជាតិ៖ ដោយសារតែកត្តាភូមិសាស្ត្រ (ប្រទេសកោះ ដែលសម្បូរដោយគ្រោះធម្មជាតិ) និងសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ ថែមទាំងគ្មានធនធានធម្មជាតិច្រើនទៀតនោះ កាលពីអំឡុងសតវត្សរ៍ទី១៩ និងដើមសតវត្សន៍ទី២០ ប្រទេសជប៉ុន បានរួចផុតពីក្រញាំអាណានិគមរបស់បណ្តាប្រទេសចក្រពតិ្តអឺរ៉ុប ។
ឈានដល់សង្គ្រាមលោកលើកទីមួយ (១៩១៤-១៩១៨) ជប៉ុន បានប្រកៀកស្មាជាមួយមហាអំណាចសម្ព័ន្ធមិត្ត និងទទួលបានកៅអីអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សានៃសម្ព័ន្ធប្រជាជាតិ អមជាមួយចក្រភពអង់គ្លេស បារាំង និងអ៊ីតាលី។ ទោះជាបែបនេះក៏ដោយ ជប៉ុន បានទ្រេតទៅរករបបដឹកនាំបែបយោធានិយម ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ ។
កាលនោះ ជប៉ុន បានបង្កាត់សង្គ្រាមដ៏វែងអន្លាយមួយជាមួយចិន ក្នុងឆ្នាំ១៩៣៧ និងចុងក្រោយត្រូវបានបិទបញ្ចប់ តាមរយៈការប្រកាសចុះចេញក្នុងសង្គ្រាមលោកលើកទីពីរដោយគ្មានលក្ខខណ្ឌ ក្នុងឆ្នាំ១៩៤៥ ។ សង្គ្រាមដ៏រ៉ាំរ៉ៃនេះ បានបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងទៅលើប្រទេសជប៉ុន ហើយគ្រាប់បែកបរមាណូពីរគ្រាប់របស់អាមេរិក ធ្វើឲ្យជប៉ុនកាន់ខ្ទេចខ្ទាំ។ ជប៉ុន ត្រូវចាប់ផ្តើមកសាងប្រទេសខ្លួនឡើងវិញ ដោយអាចនិយាយបានថា ពី«គំនរផេះផង់»។
មែនទែនទៅ ជប៉ុន បានចំណាយពេលអស់ជិត១០ឆ្នាំ ទម្រាំតែអាចស្រោចស្រង់ផលិតកម្មខ្លួន ឲ្យវិលត្រលប់មកដូចទៅនឹងស្ថានភាពប្រទេសជប៉ុន នៅមុនពេលផ្ទុះសង្គ្រាមវិញ។ យ៉ាងណាមិញ ជប៉ុន បានសម្រេចកំណើនសេដ្ឋកិច្ចដ៏ក្លៀវក្លា ក្នុងចន្លោះឆ្នាំ ១៩៥៥ ដល់ ឆ្នាំ១៩៧៣ ដោយបានក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់លេខពីរ រហូតដល់ឆ្នាំ២០១១ ពេលចិនវ៉ាដាច់វិញ។
ក្នុងអំឡុងពេលសន្ទុះសេដ្ឋកិច្ចខ្លាំងក្លានេះ ជប៉ុន បានប្រើយុទ្ធសាស្ត្រចម្បងមួយ ដោយជំរុញសេដ្ឋកិច្ចខ្លួនឆ្ពោះទៅកាន់ឧស្សាហូបនីយកម្មពេញលេញ។ ជប៉ុន គឺជាប្រទេសមិនមែនលោកខាងលិចទីមួយដែលសម្រេចឧស្សាហូបនីយកម្មដោយជោគជ័យ។
យោងតាមកិច្ចការស្រាវជ្រាវជាច្រើន ប្រវត្តិសេដ្ឋកិច្ចជប៉ុន ពិតជាមិនខុសប្លែកអ្វីពីការអភិវឌ្ឍសេដ្ឋកិច្ចជាទូទៅរបស់បណ្តាប្រទេសអភិវឌ្ឍន៍តិចតូច នាពេលបច្ចុប្បន្ន ផ្សេងៗដទៃទៀតឡើយ។ កត្តាចម្បងៗចំនួនបី ដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជប៉ុន គឺមានដូចជា សារៈសំខាន់នៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។
ក្នុងកិច្ចការស្រាវជ្រាវមួយរបស់លោក Fukunari Kimura ដែលមានចំណងជើងថា «គំរូអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ជប៉ុន» ចុះផ្សាយកាលពីខែមេសា ឆ្នាំ២០០៩ បានពិភាក្សាពីធាតុផ្សំអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងបីនេះ។
ជារឿងដែលមិនអាចប្រកែកបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំ ហើយជប៉ុន បានផ្តោតសំខាន់លើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចខ្លាំង ដ្បិតកាលនោះលក្ខខណ្ឌខាងក្រៅមិនអំណោយផលល្អ ។ នោះគឺចង់សំដៅលើ សាកលភាវូបនីយកម្ម មិនទាន់មានភាពខ្លាំងក្លា, ពិបាកខ្ចីបុលបរទេស និងខ្វះខាតការបោះទុនវិនិយោគពីបរទេស ជាដើម។
បញ្ហាទាំងនេះ គួបផ្សំជាមួយនឹងការបាត់បង់ម្ចាស់ការលើប្រព័ន្ធរូបិយបណ្ណ និងអតិផរណាខ្ពស់កប់ពពក បានបង្កឲ្យតម្លៃប្រើប្រាស់ និងតម្លៃលក់ជារួម បានហក់ឡើងខ្ពស់យ៉ាងខ្លាំង នៅចន្លោះពីពេលបញ្ចប់សង្គ្រាមលោកលើកទីពីរ និងខែមេសា ឆ្នាំ១៩៤៩។
ដើម្បីឆ្លើយតបនឹងស្ថានភាពអាសន្ននេះ ជប៉ុន ដែលស្ថិតក្រោមការកាន់កាប់របស់មហាអំណាចសម្ព័ន្ធមិត្តនៅឡើយ បានដាក់ចេញផែនការស្ថិរភាពសេដ្ឋកិច្ចមួយ ក្នុងឆ្នាំ១៩៤៩ ដែលហៅថា «បន្ទាត់ Dodge Line» ។ គម្រោងនេះ បានកំណត់គោលការណ៍នៃកញ្ចប់ថវិការដ្ឋាភិបាលឲ្យមានតុល្យភាព ក៏ដូចជាសម្រួបសម្រួលលើអត្រាប្តូរប្រាក់បរទេសឲ្យមានលំនឹងល្អ ជាដើម។
ចាប់ពីឆ្នាំ១៩៥១ ក្រោយងើបខ្លួនរួចបន្តិចពីការគ្រប់គ្រប់របស់សហរដ្ឋអាមេរិក ជប៉ុន មានសេរីភាពក្នុងការបង្កើតប្រព័ន្ធពន្ធថ្មី ដែលអំណោយផលល្អជាងមុនសម្រាប់ប្រជាជាតិខ្លួន ។
បន្ថែមពីលើនេះ ជប៉ុន បានស្នើចូលជាសមាជិកជាមួយកិច្ចព្រមព្រៀងជាទូទៅស្តីពីពាណិជ្ជកម្ម និងពន្ធ (GATT) ដែលបច្ចុប្បន្នស្គាល់ថា អង្គការពាណជិជ្ជកម្មពិភពលោក(WTO) និងត្រូវបានអនុញ្ញាតឲ្យក្លាយជាភាគីកិច្ចសន្យាក្នុងឆ្នាំ១៩៥៥។
ទោះបីជាបែបនេះក្តី ប្រទេសជាច្រើន លើកលែងតែសហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ខាងលិច អ៊ីតាលី បានបដិសេធគោរពតាមកាតព្វកិច្ច ដែលចែងក្នុងកិច្ចព្រមព្រៀង GATT របស់ពួកគេសម្រាប់ប្រទេសជប៉ុន ។ ការរើសអើងផ្នែកពាណិជ្ជកម្មលើជប៉ុនបែបនេះ បានបង្កើតជាអតីតកាលដ៏ជូរចត់មួយសម្រាប់ជប៉ុន។ ទោះបី អាមេរិកដែលជាប្រទេសគាំទ្រជប៉ុនខ្លាំងក្នុងកិច្ចព្រៀមព្រៀង GATT ក៏បានស្នើឲ្យជប៉ុនរឹតបន្តឹងការនាំចេញរបស់ខ្លួនដោយស្ម័គ្រចិត្តផងដែរក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០។
ចុងក្រោយ ស្ថានភាពពាណិជ្ជកម្មអន្តរជាតិ មានលក្ខណៈល្អប្រសើរ ក្នុងឆ្នាំ១៩៦០ ហើយបរិយាកាសសេដ្ឋកិច្ចខាងក្រៅសម្រាប់ជប៉ុន ក៏មានភាពល្អធម្មតាផងដែរ ចាប់តាំងដើមទសវត្សរ៍ឆ្នាំ១៩៦០មក។
យ៉ាងណាមិញ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ពុំមែនជារឿងងាយស្រួលឡើយ។ បន្តិចម្តងៗ ជប៉ុន បានបង្កើតផែនការអត្រាប្រាក់សន្សំក្នុងស្រុកមួយ ដែលជំរុញដល់ការវិនិយោគ។ ដោយហេតុថាមានឱកាសតិចតូចសម្រាប់ការខ្ចីបុលពីបរទេស ការវិនិយោគ និងប្រាក់សន្សំក្នុងស្រុក ចាំបាច់ត្រូវតែមានតុល្យភាព។
ចំណុចទី២នោះគឺ ការអភិវឌ្ឍធនធានមនុស្ស ។ អ្នកប្រវត្តិវិទូជាច្រើន បានអះអាងថា ជប៉ុន មានអត្រាអក្ខរកម្មខ្ពស់រួចមកហើយ អំឡុងពេលយុគសម័យ Tokugawa (១៦០៣-១៨៦៨) ។ ហើយមកដល់យុគសម័យ ម៉ីជី (ពាក់កណ្តាលសតវត្សរ៍ទី ១៩) ប្រព័ន្ធអប់រំរបស់ជប៉ុនកាន់តែមានភាពល្អប្រសើរខ្លាំងជាងមុនទៀត អរគុណដល់កំណែទម្រង់ស៊ីជម្រៅ ។
យ៉ាងណាមិញ យោងតាមស្ថិតិមួយចំនួន ជប៉ុន បានប្រឈមមុខនឹងបញ្ហាកង្វះខាតការអភិវឌ្ឍធនធានមនុស្ស ក្នុងសម័យកាលក្រោយសង្គ្រាម។ ក្នុងចុងទសវត្សរ៍ឆ្នាំ១៩៤០ និងដើមទសវត្សរ៍ឆ្នាំ១៩៥០, ជប៉ុន មានមូលដ្ឋានគ្រឹះរឹងមាំក្នុងការអប់រំទូទៅ (ថ្នាក់បឋមសិក្សា)ក៏ប៉ុន្តែពុំទាន់មានការបង្កើតពេញលេញលើការអប់រំកម្រិតថ្នាក់វិទ្យាល័យ និងកម្រិតថ្នាក់ឧត្តមសិក្សានៅឡើយទេ។
មែនទែនទៅ ជប៉ុន ត្រូវប្រើរយៈពេលពី ២០ ទៅ ២៥ឆ្នាំ ពោលគឺរហូតដល់ទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីសម្រេចកម្រិតអប់រំទាំងនេះដោយត្រឹមត្រូវ។ ពិតណាស់ អត្ថន័យនៃការអប់រំក្នុងទសវត្សរ៍ឆ្នាំ១៩៤០ និងឆ្នាំ១៩៥០ ប្រហែលជាខុសគ្នាបើប្រៀបធៀបនឹងការអប់រំនាពេលសព្វថ្ងៃនេះ ព្រោះតែការផ្លាស់ប្តូរក្នុងរចនាសម្ព័ន្ធឧស្សាហកម្ម និងមូលដ្ឋានគ្រឹះវប្បធម៌។
ក៏ប៉ុន្តែ យើងអាចលើកឡើងបានថា ការពង្រឹងប្រព័ន្ធអប់រំរបស់ជប៉ុនដែលមានគុណភាព រហូតមកដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ គឺជាកត្តាចម្បងមួយ ក្នុងដំណើរការឧស្សាហូបនីយកម្មរបស់ប្រទេសនេះ។
ម្យ៉ាងវិញទៀត ជារឿងប្រកែកមិនបាន កំណើននៃចំនួនអ្នកស្រាវជ្រាវនៅតាមបណ្តាក្រុមហ៊ុនឯកជន ស្ថាប័នស្រាវស្រាវ និងសកលវិទ្យាល័យ ក្រោយសង្គ្រាមលោកលើកទី២ ក៏បញ្ជាក់ឲ្យឃើញថា ការអភិវឌ្ឍធនធានមនុស្ស ជាពិសេស កម្រិតឧត្តមសិក្សា គឺជាធាតុផ្សំដ៏មានសារៈសំខាន់នៃការធ្វើឧស្សាហូបនីកម្មជោគជ័យ និង ត្រៀមលក្ខណៈសម្រាប់ដំណាក់កាលថ្មីផ្សេងទៀតនៃការប្រកួតប្រជែង ក្រោយទសវត្សរ៍ឆ្នាំ១៩៧០។ បច្ចុប្បន្ន គេនិយាយដល់ឧស្សហកម្ម ៤.០ទៅហើយ ដែលជប៉ុនក៏នាំមុខគេផងដែរ។
ចំណុចចុងក្រោយ នោះគឺ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។ ហេដ្ឋរចនាសម្ព័ន្ធសេដ្ឋកិច្ច ក៏ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសជប៉ុន ក្នុងរយៈជាច្រើនឆ្នាំក្រោយសង្គ្រាមផងដែរ ក៏ដូចជាអ្វីដែលបណ្តាប្រទេសអភិវឌ្ឍន៍តិចតូចសព្វថ្ងៃកំពុងជួបប្រទះ។
យ៉ាងណាមិញ លក្ខខណ្ឌខាងក្រៅ មានភាពខុសគ្នា ដ្បិតឱកាសក្នុងការខ្ចីបុលពីបរទេស មានកម្រិត ។ លើសពីនេះ ភាពជាដៃគូឯកជន-សាធារណៈ (PPP) នៅពុំទាន់មានភាពច្បាស់លាស់ ហើយការវិនិយោគសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ក្លាយជាបន្ទុកទាំងស្រុងរបស់រដ្ឋាភិបាលជប៉ុន។
កាលនោះ ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់ការវិនិយោគក្នុងហេដ្ឋរចនាសម្ព័ន្ធសេដ្ឋកិច្ច រដ្ឋាភិបាលជប៉ុនបានប្រើប្រាស់កម្មវិធីកម្ចី និងការវិនិយោគនៃសារពើពន្ធ (FILP) ។ កម្មវិធី FILP សំដៅលើប្រព័ន្ធថវិកា ដែលត្រៀមរៀបចំបន្ថែមពីកញ្ចប់ថវិកាទូទៅរបស់រដ្ឋាភិបាលកណ្តាល និងត្រូវបានផ្តល់ហិរញ្ញវត្ថុយ៉ាងធំដោយប្រាក់សន្សំ Postal រហូតដល់ឆ្នាំ២០០០។
យោងតាមតួលេខនៃការប្រើប្រាស់កម្មវិធី FILP អំឡុងឆ្នាំ១៩៥៥-១៩៨៤ ការចំណាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសង្គម មានកម្រិតតិចតូចនៅឡើយ ពោលគឺប្រមាណតែ ៣០ភាគរយប៉ុណ្ណោះ, ខណៈបរិមាណមួយចំនួនធំ ត្រូវបានបែងចែកទៅកាន់ផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។
ខណៈបរិយាកាសពាណិជ្ជកម្មពិភពលោកល្អប្រសើរជាងមុនច្រើន ជប៉ុន ទទួលបានកម្ចីពីធនាគារពិភពលោក (WB) ក្នុងឆ្នាំ ១៩៥៣ ដល់ ឆ្នាំ១៩៦៦ សម្រាប់ការវិនិយោគសំខាន់លើវិស័យការសាងសង់ផ្លូលថ្នល់ រថភ្លើងល្បឿនលឿន រោងចក្រស្លដែកថែប និងរោងចក្រផលិតថាមពលអគ្គិសនីជាដើម។
ទោះជាបែបនេះក្តី បរិមាណលុយកម្ចីសរុប អំឡុងពេលនេះ មានត្រឹមតែ ៨៦២,៩លានដុល្លារ ដែលស្មើនឹង២ ឬ ៣ភាគរយប៉ុណ្ណោះនៃការវិនិយោគសរុបរបស់ជប៉ុន។
ទន្ទឹមនេះ ធនាការអភិវឌ្ឍន៍ជប៉ុន (JDB) ត្រូវបានបង្កើតឡើង ក្នុងខែមេសា ឆ្នាំ១៩៥១ ដើម្បីផ្តល់កម្ចីរយៈពេលវែងសម្រាប់ការអភិវឌ្ឍ។ យោងតាមតួលេខនៃការប្រើប្រាស់កម្ចីធនាគារ JDB លុយរាប់ពាន់លានយេន ត្រូវបានបង្វិលទៅកាន់វិស័យដឹកជញ្ជូនតាមសមុទ្រ និងវិស័យថាមពលក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ឆ្នាំ១៩៦០ ។
ការណ៍នេះ ឆ្លុះបង្ហាញយ៉ាងច្បាស់ពីការឲ្យតម្លៃខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។ ចំណែក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ និងផ្លូវល្បឿន) បានចាប់ផ្តើមមានសន្ទុះខ្លាំង ចាប់តាំងពីពាក់កណ្តាល់ទសវត្សរ៍១៩៥០ ៕
អត្ថបទស្រាវជ្រាវដោយ៖ អ៊ឹម ម៉េងស៊ាង


