សន្តិសុខសង្គម

មិនធម្មតាទេ! មេខ្លោងប្លន់ និងចាប់ជំរិត ដែលត្រូវបានបាញ់សម្លាប់នោះ មានគម្រោង នឹងទិញឡាន Luxus Kuro570 រួចដណ្តឹងប្រពន្ធរៀបការ

image


ភ្នំពេញ៖ មេខ្លោងប្លន់ និងចាប់ជំរិត រួមនឹងបក្ខពួកសរុបចំនួន ៤នាក់ ដែលត្រូវបានសមត្ថកិច្ចបាញ់សម្លាប់នោះ ពួកគេមានផែនការជាក់លាក់មុនការធ្វើសកម្មភាព។ សម្រាប់មេខ្លោង ក្នុងការរៀបចំផែនការនោះ ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ មានផែនការក្រោយពេលប្លន់បានសម្រេច នឹងទិញឡាន Luxus Kuro570មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មេខ្លោងដែលជាអ្នកផ្តើមគំនិតឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឱ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប។ រូបគេ ក៏បានរៀបចំផែនការចូលចាប់ជំរិត និងប្លន់សម្លាប់ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយសារពួកគេប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈ។ តែដោយនៅថ្ងៃទី២៦នោះ ជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកគេក៏លើកគម្រោងទៅថ្ងៃទី២៧វិញ តែដោយថ្ងៃទី២៧ ជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកគេលើកមកថ្ងៃទី១ ខែមីនា តែម្តង។

តាមផែនការដែលបានដាក់ចេញ ដំបូងគឺប្រមូលគ្នីគ្នាចូលទៅក្នុងផ្ទះ ភ្ជង់ម្ចាស់ផ្ទះឱ្យសរសេរសែក នូវសាច់ប្រាក់ចំនួន ១លានដុល្លារ បន្ទាប់មកចាប់កូនស្រីតូចរបស់ម្ចាស់ផ្ទះម្នាក់ឡើងឡានទៅធនាគារ ដោយឱ្យគ្នីគ្នាចុះដកលុយ និងគំរាមឱ្យម្ចាស់ផ្ទះចាំឆ្លើយទូរស័ព្ទជាមួយបុគ្គលិកធនាគារ ឱ្យពួកគេដកលុយចុះ។

ចំពោះផែនការបន្ទាប់ ក្រោយពីដកលុយបាន ពួកគេ នឹងសម្លាប់ម្ចាស់ផ្ទះទាំង ២នាក់ប្តីប្រពន្ធ ព្រមទាំងកូនៗចំនួន ៦នាក់ និងអ្នកបម្រើចំនួន ២នាក់ (សរុប១០នាក់) ប្លន់យកលុយ និងគ្រឿងអលង្ការដែលមានក្នុងទូដែកទាំងអស់ បន្ទាប់មកវេចខ្ចប់សាកសពដាក់ចូលឡានម្ចាស់ផ្ទះ ២គ្រឿង ហើយបើកយកសពទៅបោះចោលនៅពេជ្រនិល។ រីឯអ្នកចូលធនាគារដកលុយ ត្រូវរត់ចខ្លួនទៅប្រទេសថៃ ឯអ្នកដទៃទៀតគឺមិនបាច់រត់ទៅណាទេ។

ប៉ុន្តែផែនការនេះ ត្រូវបានបែកការដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដោយសារតែម្នាក់បានក្បត់បក្ខពួក មិនចូលរួម ក៏បានរាយការណ៍ទៅឱ្យម្ចាស់ផ្ទះរងគ្រោះ និងសមត្ថកិច្ច ហើយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបផែនការរង់ចាំពួកគេចូលអន្ទាក់វិញ អស់រយៈពេល ៨ថ្ងៃ មកហើយ។ រហូតដល់វេលាម៉ោង ១១:០០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង ៤នាក់ បានចូលប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បណ្តាលឱ្យក្រុមឧក្រិដ្ឋជនទាំង ៤នាក់ ស្លាប់នៅកន្លែង។

ក្រោយពេលប្រតិបត្តិការបានបញ្ចប់ លោក យួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល ជាការលើកទឹក ចិត្តដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញបេសកម្មដោយជោគជ័យ ជួយសង្គ្រោះម្ចាស់ផ្ទះ មានសុវត្ថិភាពគ្រប់គ្នា៕