ព័ត៌មានជាតិ

ខ្លែងឯក ដែលក្មេងជំនាន់ក្រោយសឹងតែមិនស្គាល់បានលេចវត្តមានជាថ្មីនៅក្នុងឃុំរលាំងគ្រើល​ នៃខេត្តកំពង់ស្ពឺ

image

កំពង់ស្ពឺ៖​ ខ្លែងឯក គឺខ្លែងមួយប្រភេទដែលប្រជាកសិករ ចាស់ព្រឹទ្ធាចារ្យពីជំនាន់មុនៗ តែងតែធ្វើការបង្ហោះដើម្បីលេងកម្សាន្តអផ្សុកក្រោយការច្រូតកាត់​ និងប្រមូលផលរួច។​ ការបង្ហោះខ្លែងឯកនៅសម័យមុន មិនមែនត្រឹមតែជាការកម្សាន្តអារម្មណ៍នោះទេ ពួកគាត់ក៏ចង់បង្ហាញពីស្នាដៃប្រកួតប្រជែងក្នុងការធ្វើខ្លែងឯកឱ្យមានសម្លេងពិរោះផងដែរ។​ 

មកទល់បច្ចុប្បន្ន ខ្លែងឯក ហាក់មិនសូវឃើញលេចវត្តមាននៅតាមតំបន់មួយចំនួនក្រោយរដូវច្រូតកាត់ឡើយ ហើយក៏មិនសូវមានអ្នកស្គាល់ដែរ​ ពិសេសយុវវ័យ​ និងក្មេងៗ។​ ទោះយ៉ាងនេះក៏ដោយ ខ្លែងឯក ស្រាប់តែលេចវត្តមាននៅក្នុងភូមិមួយដែលស្ថិតនៅមិនឆ្ងាយពីទីរួមខេត្តកំពង់ស្ពឺ ហើយត្រូវបានគេមើលឃើញថា​ មានតែបុរសចំណាស់ម្នាក់គត់ដែលលេងខ្លែងឯកនេះ។

លោកតា​ សៅ ណយ អាយុ ៧៦ឆ្នាំ រស់នៅក្នុងភូមិរលាំងចក​ ឃុំរលាំងគ្រើល ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គាត់ចូលចិត្តលេងខ្លែងឯកនេះ តាំងពីអាយុជាង​ ១០ឆ្នាំ ក្នុងកំឡុងឆ្នាំ១៩៦០។​ ដោយហេតុតែស្រឡាញ់​ និងចូលចិត្តខ្លែងឯក រូបគាត់ បានទៅធ្វើការដើម្បីរកលុយទិញសម្ភារដើម្បីធ្វើខ្លែងឯកនេះ  ដោយកាលណោះគាត់ធ្វើមិនសូវបានល្អទេ។

លោកតា​ សៅ ណយ បានបញ្ជាក់ថា​ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលរូបគាត់មិនបានលេងខ្លែងឯកគឺ​ ចាប់តាំងពីក្រោយរបបវាលពិឃាត​។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានធ្វើខ្លែងឯកឡើងវិញ​  និងបានបង្រៀនកូនប្រុសរបស់គាត់ដែលចូលចិត្តដូចគាត់ដែរនោះឱ្យចូលរួមលេង​ និងចេះអភិរក្សកេរតំណែលនេះ។

ជាមួយគ្នានេះ​ លោក សឹង សំណាង មន្ត្រីនៃមណ្ឌលសុខភាពមួយក្នុងឃុំរលាំងគ្រើលបានលើកឡើងថា លោកហាក់មានការស្រលាញ់ចូលចិត្តខ្លែងដូចលោកឪពុករបស់គាត់ដែរ។​ នៅរាល់ពេលដែលលោកមកពីធ្វើការវិញ ទោះជាក្តៅប៉ុណ្ណាក៏លោកឆ្លៀតរត់បង្ហោះខ្លែងដែរ។ លោកថាខ្លែងឯក គឺជាអត្តសញ្ញាណមួយរបស់ខ្មែរដែលបុព្វបុរសយើងបន្សល់ទុកមក។ ដូច្នេះក្នុងនាមជាកូនចៅជំនាន់ក្រោយលោកចូលរួមថែរក្សា អភិរក្សកេរតំណែលនេះកុំឱ្យបាត់បង់។ 

សូមបញ្ជាក់ថា​ ខ្លែងឯកនេះ​ មានឈ្មោះដើមថា​ ខ្លែង​ព្នង​ ដែលបង្កើតឡើងដោយបុព្វបុរសខ្មែរតាំងពី​ ៤០០ឆ្នាំមុនគ្រឹស្តសករាជ គឺតាំងពីពេលមុនសម័យនគរភ្នំ។​ ខ្លែងនាសម័យនោះ ឆ្អឹងធ្វេីឡើងដោយឫស្សី និងតួខ្លែងពាសដោយស្លឹកឈើ ដែលត្បាញដូចកន្ទេល សម្រាប់បង្ហោះក្នុងពិធីបង្ហោះខ្លែងនារដូវច្រូតកាត់។ ដោយសារមុនសម័យនគរភ្នំ បុព្វបុរសខ្មែរមានជំនឿលើអ្នកតា​ ដូចនេះតែងតែប្រារព្ធពិធីបង្ហោះខ្លែងសម្ដែងការដឹងគុណចំពោះអ្នកតា ដែលជួយឱ្យភោគផល​ ស្រូវ​ ដំណាំ បានផលល្អ។ រហូតដល់សម័យនគរភ្នំ( សតវត្ស ទី១ ដល់ ទី៦) គេហៅខ្លែងនេះថា ឬ ខ្លែងមេកូន។ 

ដោយសារតែខ្មែរនាសម័យនោះ ប្រកាន់របបមាតាធិបតេយ្យ ទើបខ្លែងត្រូវបានចាត់ទុកជាមេ ឬព្រះមហាក្សត្រីយានី ហើយ​ ព្នង​ ត្រូវអ្នកហៅថា ខ្លែងមេកូន ដែលពាក្យ "មេ " ដែលតំណាងឱ្យព្រះមហាក្សត្រីយានី និង ពាក្យ "កូន" តំណាងឱ្យប្រជារាស្ត្រ។  

ចំពោះខ្លែងឯក មានលក្ខណៈពិសេសជាច្រើនដូចជា ខ្លែងឯក បំពាក់ដោយឧបករណ៍ភ្លេង " ឯក" ដែលជា ប្រដាប់មួយប្រភេទ មានដងសណ្ឋានស្រដៀងនឹងដងធ្នូតូចរៀវ សម្រាប់ដាក់ភ្ជាប់ នឹងក្បាលខ្លែងឯក អាចបន្លឺ សម្លេងលាន់ឮសូររងំ ដោយកម្លាំងខ្យល់បក់ត្រូវ។ ការបង្ហោះខ្លែងឯកជាការកម្សាន្តសប្បាយ បង្ហោះជាសហគមន៍។ ពេលដែលអ្នកស្រុកមានឱកាសបង្ហោះខ្លែង​ គឺជាការបង្ហាញឱ្យដឹងថា អ្នកស្រុកមានសេរីភាព និងប្រទេសជាតិមានសន្តិភាព។ ខ្លែងឯកតំណាងឱ្យមានមាតាខ្មែរ ឬ អ្នកដឹកនាំប្រទេសខ្មែរ៕

ដោយ៖​ ប៊ុត​ សារុន